header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ ប្រធានស្ថាបនិករណសិរ្ស២ធ្នូ បានអះអាងថា ចលនា២ធ្នូ មិនត្រឹមតែបង្ហាញពីការលះបង់ពលីកម្មតស៊ូរបស់អ្នកស្នេហាជាតិប៉ុណ្ណោះទេ តែជាកញ្ចប់ និងជាមេរៀនសម្រាប់កម្ពុជា កុំឲ្យធ្លាក់ក្នុងសង្គ្រាមសាជាថ្មីទៀត។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានប្រារព្ធខួបលើកទី៤០ នៃថ្ងៃបង្កើតរណសិរ្ស យ៉ាងឱឡារិក នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយធ្វើឡើងនៅលើទឹកដីប្រវត្តិសាស្រ្ត ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាទីកន្លែងដែលរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានកកើតឡើងកាលពី៤០ឆ្នាំមុន។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានស្ថាបនិករណសិរ្ស ដោយមានប្រជាពលរដ្ឋ សិស្សានុសិស្ស មន្រ្តីរាជការ និងកងកម្លំាងប្រដាប់អាវុធចូលរួមប្រមាណ៣ម៉ឺននាក់ បានមានប្រសាសន៍ថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០នេះ គឺក្នុងស្មារតីរំឭកការចងចាំជានិច្ច នូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរៈកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេច រំឭកថា “អ្នកសេ្នហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការកាប់សម្លាប់នៃរបប ប៉ុល ពត បានក្រោកឈរតស៊ូប្រកបដោយវីរៈភាពអង់អាច ក្លាហាន ប្រឆាំងនឹងរបបខ្មែរក្រហម ហើយបានរួមគ្នាបង្កើត «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» នៅថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨។ ដោយទទួលបានការជួយឧបត្ថម្ភទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាមផង ចលនាតស៊ូ២ធ្នូ បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩”

សម្តេចមានប្រសាសន៍បន្តថា “ប្រវត្តិសាស្ត្រ មិនមែនជាការនិពន្ធទេ ប៉ុន្តែគឺជាអ្វីៗ ដែលមានពិត និងមិនអាចប្រកែកបានឡើយ”។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋសប្បាយរីករាយចំពោះការរស់រានមានជីវិតឡើងវិញ ប៉ុន្តែកម្ពុជា ត្រូវប្រឈមនឹងឧបសគ្គ ផលលំបាករាប់ម៉ឺនជំពូក។ “យើងបានកសាងអភិវឌ្ឍន៍កម្ពុជា ពីបាតដៃទទេ។ ដៃម្ខាងកសាងជាតិ ដៃម្ខាងការពារកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។ កម្ពុជា ដ៏ក្រីក្របំផុត ថែមទំាងត្រូវទទួលរងនូវការហ៊ុំព័ទ្ធទាំងខាងនយោបាយ និងសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ថែមទៀត ពីសំណាក់ប្រទេសមួយចំនួន ដែលបានរួមគ្នាប៉ុនប៉ងកម្ចាត់សាធារណរដ្ឋប្រជាមានិតកម្ពុជាទៀត“

សម្តេចគូសបញ្ជាក់បន្ថែមថា “ទម្រាំមានថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងអស់ពីកម្លំាងកាយចិត្តក្នុងបុព្វហេតុជាតិ និងប្រជាជន។ យើងបានយកអាយុជីវិត ប្តូរនឹងសេចក្តីសុខរបស់ប្រជាជន និងការរីកចម្រើនប្រទេសជាតិ”។

ទោះយ៉ាងណា សម្តេច ហេង សំរិន បានលើកឡើងបន្ថែមថា ឆ្លងកាត់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ កម្ពុជា បានស្មើមុខមាត់ស្មើមាត់ជាមួយពិភពលោក។ អន្តរជាតិ បានបង្កើនចំណងសាមគ្គីភាពមិត្តភាព សហប្រតិបត្តិការជាមួយកម្ពុជា កាន់តែល្អប្រសើរឡើង។

ប្រធានស្ថាបនិករណសិរ្ស២ធ្នូ បានលើកឡើងថា កម្ពុជា កំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខ័ណ្ឌដ៏ចាំបាច់ ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនឲ្យកាន់តែប្រសើរឡើង។ កម្ពុជា កំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច គឺពីប្រទេសពឹងផ្អែកលើវិស័យកសិកម្មតាមបែបយថាផលទៅជាកសិឧស្សាហកម្ម ឧស្សាហកម្ម និងសេវាកម្ម។ “កម្ពុជាបានប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងបន្តធ្វើដំណើរឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០”

សម្តេចប្រធាន បានបន្ថែមថា ស្មារតី២ធ្នូ ក៏ដូចជាស្មារតី៧មករាដែរ តែងបានចារិកជាប់ក្នុងមនសិការរបស់ប្រជាជនគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេង ក្នុងការបង្កើតឡើងនូវសមទ្ធិផលធំៗនៃសង្គមជាតិ។ ក្រោមពន្លឺសុខសន្តិភាព សេរីភាព និងក្នុងជំហរក្តាប់ជាប់នូវជោគវាសនារបស់ខ្លួន កម្ពុជា ជឿជាក់ថា នឹងគ្មានការកើតឡើងជាថ្មីទៀត នូវសោកនាកម្មដូចក្នុងអតីតកាលឡើយ។

សម្តេចបានលើកឡើងយ៉ាងដូច្នេះថា “យើងទាំងអស់គ្នា ចងចាំជានិច្ចថា ថ្ងៃទី២ ធ្នូ ១៩៧៨ មិនត្រឹមតែជាថ្ងៃដែលកម្ពុជា បោះជំហានចេញពីភាពហិនហោចខ្លោចផ្សានោះទេ និងមិនត្រឹមតែបានបង្ហាញពីស្មារតីលះបង់ និងការរួបរួមកម្លាំងអ្នកតស៊ូស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែ២ធ្នូ ១៩៧៨ ក៏បានក្លាយទៅជាកញ្ចក់ប្រវត្តិសាស្រ្តដ៏សំខាន់ផងដែរ សម្រាប់កម្ពុជា យកធ្វើជាមេរៀន ក្នុងការដឹកនាំប្រទេសជាតិ កុំឲ្យភ្លាំងភ្លាត់ធ្លាក់ក្នុងអន្លង់ប្រវត្តិសាស្រ្ត នៃនរកអវចីជាថ្មីទៀត”

សូមជម្រាបថា ការប្រារព្ធខួបអនុស្សាវរីយ៍៤០ឆ្នាំ ថ្ងៃបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានរៀបចំឡើងក្រោមបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត រវាងយុវជនស្នេហាជាតិសម័យមុន និងយុវជនសម័យបច្ចុប្បន្ន។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានកកើតឡើងដោយកម្លំាងមហាសាមគ្គីប្រជាជនទំាងមូល ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរៈស្នេហាជាតិផ្សេងទៀត ជាថ្នាក់ដឹកនាំ។ រណសិរ្ស២ធ្នូ បានជួយរំដោះប្រជាជន និងប្រទេសកម្ពុជា ចេញពីរណ្តៅមរណៈនៃរបប ប៉ុល ពត នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។

ជាផ្នែកមួយចូលរួមអបអរសាទរថ្ងៃបង្កើតរណសិរ្ស២ធ្នូនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន បានរៀបចំព្រឹត្តិការណ៍ដើរ “៤០គីឡូម៉ែត្រ ទៅកាន់ប្រវត្តិសាស្រ្ត”។ ជាព្រឹត្តិការណ៍ ដែលយុវជនជាង៨០០នាក់ ធ្វើសកម្មភាពដើរដោយថ្មើរជើងរយៈពេល២ថ្ងៃ ដោយដើរកាត់ទឹក ឆ្លងព្រៃ ទំាងយប់ទំាងថ្ងៃ ដើម្បីស្វែងយល់ពីដំណើរតស៊ូរបស់យុវជនសម័យមុន។ ព្រឹត្តិការណ៍នេះចបានធ្វើពីថ្ងៃទី២៩ ខែវិច្ឆិកាច ដល់ថ្ងៃទី១ ខែធ្នូ ដោយចុងបញ្ចប់ជួបជុំគ្នានៅវិមានអនុស្សាវរីយ៍២ធ្នូតែម្តង។

នៅក្នុងឱកាសខួបលើកទី៤០ឆ្នាំនេះ សម្តេចប្រធានស្ថានិករណសិរ្ស២ធ្នូ ក្រៅពីបានលើកឡើងពីប្រវត្តិអតីតកាល ការលះបង់របស់វីរៈជនស្នេហាជាតិ សម្តេចក៏មិនភ្លេចលើកឡើងពីការជួយគំាទ្រដល់កម្ពុជា ពីបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិនោះដែរ។ សម្តេចបានគូសបញ្ជាក់ថា “ក្នុងនាមរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខ្ញុំសូមសម្តែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អ្នកផ្តល់ជំនួយទាំងឡាយ ដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងស្មោះសរចំពោះបុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជា តាំងពីក្នុងដំណាក់កាលរំដោះ រហូតមកដល់បច្ចុប្បន្ននេះ។

សម្តេចបញ្ជាក់ថា «យើងខ្ញុំសង្ឃឹមជឿជាក់ថា សហគមន៍អន្តរជាតិ នឹងបន្តផ្តល់វិភាគទានដ៏ថ្លៃថ្លាថ្មីៗថែមទៀត ដើម្បីរួមចំណែកពង្រឹងបុព្វហេតុ សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពនៅកម្ពុជា»។

ជាអ្នកដែលបានបូជាជីវិត និងពេលវេលាដើម្បីជាតិ សម្តេចប្រធានរដ្ឋសភា មិនចង់ឃើញប្រទេសជាតិមានសង្រ្គាមទៀតទេ ដូច្នេះសម្តេចសូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនកម្ពុជា ទំាងអស់ ចងចាំថា សន្តិភាព គឺជាកត្តាមូលដ្ឋានគ្រឹះ ដើម្បីធានាដល់ដំណើររីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ធានាការអភិវឌ្ឍប្រកបដោយចីរភាព សមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកបដោយកិត្តិយសរបស់ប្រជាជនយើង។ បើយើងបាត់បង់សន្តិភាព នោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់។ ម្យ៉ាងទៀត ទម្រាំប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍដែលកើតមានដូចពេលនេះ គឺយើងបានឆ្លងកាត់អស់រាប់សតវត្សនូវរឿងរ៉ាវមហាទុក្ខសោកវេទនាជាទីបំផុត។

ក្នុងឱកាសនោះដែរ សម្តេចអំពាវនាវ “ក្នុងន័យនេះ បើទោះបីត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ គឺយើងមិនអាចទុកឱកាសឲ្យក្រុមប្រតិកិរិយា បំផ្លិចបំផ្លាញសមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបាននាពេលកន្លងមកបានឡើយ។ ហេតុនេះ ចូរ យើងទាំងអស់គ្នា ត្រូវរួមគ្នាការពារសន្តិភាពជាតិយើង”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post