
ភ្នំពេញៈ អុញនោះ! លោក មាស រិទ្ធី ឆ្លៀតប្រាប់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកឯង រងចាំទទួលពាក្យបណ្ដឹងស្ត្រីរងគ្រោះផង ដែរគាត់ជាបុគ្គលិកទូរទស្សន៍ហង្សមាស ត្រូវបានក្រុមចោរ ធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿងបានសម្រេច នៅត្រង់ចំណុចជិតភូមិគ្រឹះខ្យង ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង៤៖៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយផ្លូវថៃហ្គ័រ ជិតភូមិគ្រឹះខ្យង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
បើតាមការផ្សាយរបស់លោក មាស រិទ្ធី ជាពិធីកររបស់ទូរទស្សន៍ហង្សមាស បានរៀបរាប់តាមការផ្សាយព័ត៌មាន នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ក្នុងកម្មវិធីព័ត៌មានពេលព្រឹក កាលថ្ងៃទី៤ ខែធ្នូ ២០១៨នេះថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ (មិនបានបញ្ជាក់ឈ្មោះ) បានជិះម៉ូតូ ហុងដាឌ្រីម មួយគ្រឿង ពណ៌ខ្មៅ មិនចាំស្លាកលេខ ទៅផ្សារទិញគ្រឿងម្ជូរ ដើម្បីយកមកលក់នៅមុខទូរទស្សន៍ហង្សមាស តែទៅដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យបានមកធ្វើសកម្មភាព ប្លន់យកម៉ូតូរបស់ស្ត្រីរូបនោះ បានសម្រេច យកទៅបាត់ស្រមោល ហើយស្ត្រីរងគ្រោះនៅមិនទាន់បានទៅដាក់ពាក្យប្ដឹងនោះទេ ដោយកំពុងឆោឡោមករកប្ដី ដើម្បីប្រាប់ឲ្យដឹងដំណឹងនេះ។
បន្ទាប់ពីដឹងដំណឹងភ្លាមបុរសដែលជាប្ដីរបស់នារីរងគ្រោះ (មិនបានបញ្ជាក់ឈ្មោះ) ដែលជាបុគ្គលិកផ្នែកបុគ្គលិកទូរទស្សន៍ហង្សមាស ផ្នែកតំឡើងឆាក បានប្រញាប់មកប្រាប់ខ្ញុំថា ពូអើយពូ! ជួយផងប្រពន្ធរបស់ខ្ញុំផង ប្រពន្ធខ្ញុំត្រូវចោរប្លន់ម៉ូតូយកទៅបាត់ហើយពូ ពូជួយផ្សាយផង ទើបគាត់ផ្ដាំផ្ញើ និងស្នើឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកឯង រងចាំទទួលពាក្យបណ្ដឹងស្ត្រីរងគ្រោះផង និងជួយស្រាវជ្រាវរកម៉ូតូឲ្យជនរងគ្រោះវិញផង៕