
ភ្នំពេញៈ អតីតអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រកាសឲ្យថ្នាក់ដឹកនាំ រួមទាំងបក្សកាន់អំណាច និងបក្សប្រឆាំង ពិភាក្សាគ្នារឿងការដកអនុគ្រោះពន្ធ (EBA)របស់សហគមន៍អឺរ៉ុបមកលើកម្ពុជា ។
លោក យ៉ែម បុញ្ញាឬទ្ធិអតីតអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើង តាមបណ្តាញសង្គមយ៉ាងដូច្នេះថា នយោបាយសេដ្ឋកិច្ច សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ជាសសរស្ដម្ភមួយយ៉ាងសំខាន់ ដែលត្រូវបានយកទៅបែងចែក និងជំរុញការអភិវឌ្ឍ ទៅលើវិស័យការពារជាតិ វិស័យអប់រំ វិស័យសុខាភិបាល និងវិស័យសង្គមផ្សេងៗទៀត... ។
លោកបញ្ជាក់ថា" អ្នកនយោបាយ ក្រុមដឹកនាំ ល្មមដល់ពេលរួមគ្នាគិតគូរពី សង្គមជាតិ សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ។ សហគមន៍អឺរ៉ុប EBA ទីផ្សារចិន ជប៉ុន អាមេរិក និងទីផ្សារប្រទេសនានាទៀត គឺជាចំណុចទាក់ទាញអ្នកវិនិយោគមកបង្កើតការងារឲ្យពលរដ្ឋខ្មែរ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ជាតិយើង។ ឱកាសយើងនៅមានក្នុងការរក្សាការអនុគ្រោះពន្ធ EBA ដើម្បីនាំទំនិញចូលទីផ្សារសហភាពអឺរ៉ុប ផ្ទុយទៅវិញបើមានការបាត់បង់វិញនោះ វានឹងបង្កផលប៉ះពាល់ជាអវិជ្ជមានដោយសារការកើនឡើងនៃថ្លៃចំណាយដែលបណ្តាលមកពីការជាប់ពន្ធ ដែលធ្វើឲ្យខូចខាត ប៉ះពាល់ដល់លទ្ធភាពនៃការប្រកួតប្រជែងក្នុងការនាំចេញរបស់ប្រទេសយើង"។
លោកបន្ថែមថា អ្វីដែលយើងអាចធ្វើបាន ដោយចាប់ផ្ដើមពីខ្លួនយើង ក្នុងការកសាងទំនុកទុកចិត្តគ្នា រវាងខ្មែរ នឹងខ្មែរ ដែលត្រូវរួមរស់ជាមួយគ្នា ត្រូវគោរពផ្ដល់តម្លៃគ្នាទៅវិញទៅមក លុបបំបាត់វប្បធម៌លាបពណ៌ មួលបង្កាច់ ជេរប្រមាថ ដែលនាំឲ្យមានការបែកបាក់ដល់សង្គមជាតិយើង ដែលពុំមែនជាដំណោះស្រាយដ៏ល្អប្រសើរនោះឡើយ៕