
ភ្នំពេញៈ ស្ត្រីម្នាក់ឆែកមើកតាមប្រព័ន្ធ GPS ឃើញប្តីចូលក្លឹបបានទៅតាមទាន់ប្តីកំពុងតែអោបស្រីក្មេង បានឈ្លោះទាស់ទែងជាមួយប្តីនៅក្នុងក្លឹបត្រូវសន្តិសុខដេញចេញក្រៅ នាំគ្នាជិះរថយន្តមកដល់ពាក់កណ្តាលផ្លូវបានឈ្លោះប្រកែកគ្នាម្តងទៀត ត្រូវប្តីវាយបែកចិញ្ចើមរកសមត្ថកិច្ចជួយអន្តរាគមន៍ អត់មានសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីកាលពីវេលាម៉ោង១និង១៥នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម កែងផ្លូវ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា រូបគាត់ឈ្មោះ សុខុម អាយុ៣៨ឆ្នាំ មុខរបរមេផ្ទះ ជាប្រពន្ធការពេញច្បាប់ របស់ប្តីជាជនបង្កឈ្មោះ សុខ វណ្ណី អាយុ៣៨ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនមួយ បានរៀបការជាមួយគ្នារយៈពេល១៦ឆ្នាំ មានកូនស្រីចំនួន២នាក់ កូនបងអាយុ១៣ឆ្នាំ និងកូនពៅអាយុ៨ឆ្នាំ ។
តាមសម្ដីស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គឺរូបគាត់បានទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្ដិ ពេលត្រឡប់មកវិញបាត់ប្តីមិនឃើញនៅផ្ទះក៏ខលសួរស្រាប់តែប្តីរបស់គាត់ប្រាប់ថា នៅជាមួយមេនៅសង្កាត់ចាក់អង្រែក្រោម តែគាត់មានការសង្ស័យក៏ឆែកមើលGPS ដែលភ្ជាប់នឹងរថយន្តរបស់ប្តីម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB–2561 ឃើញនៅមុខក្លឹបកម្សាន្ត True Face ដែលគាត់និយាយថា ជាក្លឹបលេងថ្នាំក្រវី គាត់ក៏មកតាមនឹងចូលទៅខាងក្នុង ស្រាប់តែឃើញប្តីរបស់គាត់នឹងស្រីស្នេហ៍កំពុងតែហ៊ោកញ្ជ្រៀវសប្បាយ គាត់ក៏បានស្រែកឡូឡានឹងឈ្លោះប្រកែកគ្នាពេញក្នុងក្លឹប ក៏ត្រូវបានខាងក្រុមសន្តិសុខក្លឹបដេញពួកគាត់ទាំងពីរចេញមកក្រៅ និងបានឡើងជិះរថយន្តចេញពីនោះមកដល់កន្លែងកើតហេតុបានឈ្លោះប្រកែកគ្នាម្តងទៀត ដោយមានការប្រតាយប្រតប់គ្នាក៏ត្រូវប្តីរបស់គាត់វាយនឹងកណ្តាប់ដៃ បណ្តាលឲ្យគាត់បែកចិញ្ចើមស្តាំម្ខាង ។
ភ្លាមៗនោះគាត់ក៏បានចុះពីរថយន្តមកខាងក្រៅ រកជំនួយពីសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ដោយឃើញមានកងកម្លាំងមួយក្រុមស្លៀកពាក់ស៊ីវិលបានប្រាប់ថា ពួកគេជាមន្ត្រីអាវុធហត្ថខណ្ឌដូនពេញ និងមានអ្នកខ្លះស្រវឹងទៀត បានចេញមុខនៅកន្លែងកើតហេតុ តែមិនបានជួយដោះស្រាយឲ្យគាត់ទេ ថែមទាំងបានឲ្យប្តីជាជនបង្កបើករថយន្តចេញទៅយ៉ាងរំភើយ រួចហើយបាននាំគ្នាចេញទៅដែរដោយនិយាយថា (ប្តីប្រពន្ធអាណាអាណឹងដោះស្រាយខ្លួនឯងទៅ ធ្វើឲ្យប្រជាពលរដ្ឋខឹងសម្បារយ៉ាងខ្លាំង នឹងបានស្នើឲ្យលោក រ័ត្ន ស្រៀង ជួយត្រួតពិនិត្យមើលកម្លាំងអាវុធហត្ថខណ្ឌដូនពេញផង ព្រោះពេលល្បាតម្តងមិនដែលឃើញមានស្លៀកឯកសណ្ឋានឲ្យបានត្រឹមត្រូវទេ មិនដឹងជាខាងអង្គភាពតម្រូវឲ្យស្លៀកពាក់បែបនឹងរឬក៏គាត់ស្លៀកពាក់តាមចិត្តឯង ។
បន្ទាប់ពីកម្លាំងអាវុធហត្ថ ចេញពីកន្លែងកើតហេតុ ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច ប៉ុស្តិ៍ផ្សារថ្មី៣ បែរជាខាងសមត្ថកិច្ចនិយាយតាមវិទ្យុទាក់ទងថា អត់មានកម្លាំងល្បាតទេ មេឃភ្លៀងចឹងអត់មានកម្លាំងចេញទេប្រជាពលរដ្ឋរង់ចាំមើលវត្តមានសមត្ថកិច្ច មកដោះស្រាយព្រោះនារីរងគ្រោះចង់ដាក់ពាក្យបណ្ដឹងប្តីនាងតែរង់ចាំអស់ជាច្រើនម៉ោងនៅតែមិនឃើញវត្តមានសមត្ថកិច្ចមកដល់កន្លែងកើតហេតុទេ ។ ទោះជាយ៉ាងណាជនរងគ្រោះជាស្ត្រីទន់ខ្សោយ បានត្រឹមតែស្រែកយំតែម្នាក់ឯងនៅកន្លែងកើតហេតុតែប៉ុណ្ណោះ ៕



