header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ “ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋទាំងអស់ អាចធ្វើការរាយការណ៍ដោយផ្ទាល់ពីផ្លូវជង្ហុក សំបុកមាន់ និងផ្លូវខូច ទៅកាន់អាជ្ញាធរ ដើម្បីធ្វើការជួសជុលបានទាន់ពេលវេលា”។

នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីដាក់ឲ្យដំណើរការជាផ្លូវការ "កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app)"  ដែលជាកម្មវិធីថ្មីមួយ ដែលអាចទាញយកដោយឥតគិតថ្លៃ នៅលើ App Store និង Play Store ក្នុងទូរស័ព្ទដៃ។

កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) អាចឲ្យប្រជាពលរដ្ឋរាយការណ៍ដោយផ្ទាល់ពីស្ថានភាពផ្លូវ ជង្ហុក សំបុកមាន់ ឬផ្លូវខូចទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការជួសជុលបានទាន់ពេលវេលា។

ព័ត៌មានទាំងអស់អំពីផ្លូវជង្ហុក សំបុកមាន់ និងផ្លូវខូច ដែលត្រូវបានរាយការណ៍ដោយប្រជាពលរដ្ឋតាមរយៈការបង្ហោះជារូបថត និងវីដេអូនៅក្នុងកម្មវិធីថែទាំផ្លូវ នឹងត្រូវបានបញ្ជូនទៅកាន់ក្រុមការងារទទួលបន្ទុករបស់ក្រសួង មន្ទីរសាធារណការនិងដឹកជញ្ជូនទាំង២៥ និងអាជ្ញាធរពាក់ព័ន្ធដើម្បី ធ្វើការជួសជុល។

កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រឹងគុណភាពផ្លូវ ដែលទាមទារឲ្យមានការជួសជុល និងថែទាំទូទាំងប្រទេស តាមរយៈការរាយការណ៍ពីស្ថានភាពជង្ហុក សំបុកមាន់ និងផ្លូវខូចដោយអ្នកប្រើប្រាស់។

ដោយបង្ហាញពីការតាំងចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកសាង និងថែទាំផ្លូវថ្នល់ឲ្យមានលក្ខណៈកាន់តែល្អប្រសើរសម្រាប់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ "កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app)"  នឹងក្លាយជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរពាក់ព័ន្ធក្នុងការជួសជុលថែទាំផ្លូវដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំង២៥។ កម្មវិធីថែទាំផ្លូវនេះ នឹងគ្របដណ្តប់ទៅលើការជួសជុលថែទាំផ្លូវជាតិទាំង៧៥ខ្សែ គ្រប់ផ្លូវនៅក្នុងរាជធានីភ្នំពេញ និង ផ្លូវក្នុងក្រុងរបស់ខេត្តទាំង២៤។

កម្មវិធីថែទាំផ្លូវនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយសារជង្ហុក សំបុកមាន់ និងផ្លូវខូចព្រមទាំងជួយឲ្យប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព។

សម្រាប់ព័ត៌មានបន្ថែ មនិងជំនួយអំពីការប្រើប្រាស់កម្មវិធីថែទាំផ្លូវ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវអាចធ្វើការទំនាក់ទំនងមកមណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈតាមរយៈទូរស័ព្ទ៖ ០៨៥/០១៥/០៦៧ ៩២ ៩០ ៩០ ឬផ្ញើសារមកកាន់ទំព័រហ្វេសប៊ុករបស់ក្រសួង ដែលមានអាសយដ្ឋាន www.facebook.com/mpwt.gov.kh

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post