
ភ្នំពេញៈ ផ្អើលទាំងកណ្ដាលយប់ ខណៈប្រទះឃើញ បុរសម្នាក់ បានធ្លាក់ពីលើជាន់ទី៤ នៃអគារផ្សារទំនើប AEON ទី១ ដោយមិនទាន់ដឹងថា មូលហេតុច្បាស់លាស់នៅឡើយនោះទេ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០៖៤០នាទីយប់ ថ្ងៃអាទិត្យ ទី៦ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លវព្រះសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពបុរសខាងលើ នៅមិនទាន់មានអ្នកស្គាល់អត្តសញ្ញាណនៅឡើយទេ អាយុប្រហែល២០ឆ្នាំជាង។
តាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងខាងលើ គេបានឃើញបុរសម្នាក់ធ្លាក់ពីលើផ្សារទំនើប ជាន់ទី៤ ចុះក្រោមបោកក្បាល ហើយអ្នកដែលបានឃើញនាំគ្នាស្ទុះចេញទៅមើល ឃើញបុរសម្នាក់នោះដេកស្ដូកស្ដឹង និងមានឈាមហូរចេញពីក្បាល តែមិនមានអ្នកណាហ៊ានប៉ះពាល់ទេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សន្តិសុខផ្សារ និងសមត្ថកិច្ចមូលដ្ឋានឲ្យបានដឹងផងដែរ។
បន្តិចក្រោយមកក៏មានសមត្តកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ តែខាងក្រុមសន្តិសុខផ្សារ AEON មិនអនុញ្ញាតអោយក្រុមអ្នកយកព័ត៌មានចុះផ្ដិតយករូបភាពនោះឡើង ហាក់បីដូចជាមានការលាក់បាំង មិនឲ្យក្រុមអ្នកសារព័ត៌មានដឹងពីមូលហេតុ នឹងដំណើររឿងនេះឡើយ។
ជនរងគ្រោះភិនភាគស្លៀកពាក់ខោខ្លីពណ៌ខោ អាវយឺតដៃខ្លីពណ៌ខៀវ និងមិនមែនជាបុគ្គលិកផ្សារទំនើប AEON នោះទេ គឺប្រជាពលរដ្ឋដើរមកពីខាងក្រៅ ឡើងទៅលើជាន់ទី៤ លោតសម្លាប់ខ្លួនតែម្តង។
ក្រោយមកសពកំពុង រង់ចាំខាងសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ រួចរង់ចាំស្វែងរកបងប្អូន ឬសាច់ញាតិ ក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី។
ជាមួយនោះផងដែរ សមត្តកិច្ចបាន និងកំពុងអំពាវនាវ ដល់បងប្អូនណាដែលបាត់សមាជិកគ្រួសារ ដូចភិនភាគបានរៀបរាប់ខាងលើ មេត្តាទៅទាក់ទងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ឬសមត្ថកិច្ចខណ្ឌចំការមន ដើម្បីទទួលយកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

