header ads

Sponsor

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ដែលជាអាចារ្យវត្ត និងបុរសម្នាក់ទៀត ត្រូវជាក្មួយ បានរងរបួសធ្ងន់ធ្ងរបាក់ជើងទាំង២នាក់ ខណៈជិះម៉ូតូឌ្រីមសង់០១៨ ឌុបគ្នាត្រឡប់មកពីក្រុងពាលីធ្វើផ្ទះឲ្យគេនៅម្តុំច្បារអំពៅ ក្នុងបំណងត្រឡប់ទៅផ្ទះនៅខេត្តតាកែវវិញ តែត្រូវរថយន្តបែនដឹកដី ទម្ងន់១៥តោន បើកចុះពីលើស្ពានព្រះមុន្នីវង្សចាស់ បុកពីក្រោយពេញទំហឹង ដាច់កន្ទុយម៉ូតូកិនអូសជាច្រើនម៉ែត្រ ខ្ទេចស្លាកលេខមើលលែងយល់។

គ្រោះថ្នាកច់រាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង៩៖២០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាសព្រះមុន្នីវង្សចាស់ ក្នុងទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ចាន់ រ៉េត ភេទប្រុស អាយុ៧១ឆ្នាំ ជាអាចារ្យវត្ត ស្នាក់ភូមិតានន ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ (ជាអ្នកជិះពីក្រោយរបួសធ្ងន់បាក់ជើង)។ ទី២ឈ្មោះ ថន វុត្ថា ហៅប្រុស អាយុ៣៧ឆ្នាំ របួសធ្ងន់បាក់ជើង ជាអ្នកឌុប ស្នាក់នៅក្នុងភូមិជាមួយគ្នា ។ ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះ ខុម ឌីណា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅម្តុំជ្រោយចង្វារ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវជាពូនឹងក្មួយ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1O-8153 ជិះឌុបពូជាអាចារ្យវត្ត ត្រឡប់មកពីធ្វើពិធីក្រុងពាលីធ្វើផ្ទះឲ្យគេនៅម្តុំច្បារអំពៅ ក្នុងបំណងត្រឡប់ទៅផ្ទះវិញនៅឯខេត្តតាកែវ លុះមកដល់ចំណុចកើតហេតុខណៈកំពុងចុះពីលើស្ពានព្រះមុន្នីវង្សចាស់ ស្រាប់តែមានរថយន្តបែនដឹកដីធុនធំពណ៌លឿង ទម្ងន់ប្រមាណ១៥តោន ពាក់ស្លាកលេខ ក៨២១០ ភព៣ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នាចុះពីលើស្ពានព្រះមុន្នីចាស់ បានបុកពីក្រោយម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យដួលដាច់កន្ទុយម៉ូតូ ហើយខ្ទាតជនរងគ្រោះទៅលើផ្លូវត្រូវរថយន្តបង្កកិនបាក់ជើងទាំង២នាក់ពូក្មួយខ្ទេច របួសយ៉ាងធ្ងន់ធ្ងរ ចំណែកកន្ទុយម៉ូតូនិងស្លាកលេខ ត្រូវរថយន្តកិនអូសខ្ទេចមើលលែងចង់យល់ ហើយរថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ដែលឈរជើងនៅចំណុចកើតហេតុឃាត់ខ្លួនបានភ្លាមៗនៅនឹងកន្លែងផងដែរ។

ក្រោយកើតហេតុ ជនរងគ្រោះដែលជាលោកតាអាចារ្យវត្ត រួមនិងក្មួយដែលត្រូវរថយន្តកិនចំជើងទាំង២នាក់ខាងលើ បានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយសែងយកមកដាក់នៅចិញ្ចើមផ្លូវលើសួន និងហៅរថយន្តសាមុយមកដឹកយកជនរងគ្រោះទាំង២នាក់ ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

ដោយឡែករថយន្តនិងម៉ូតូ រួមនិងអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុង ធ្វើការវាស់វែង យករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post