header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ ត្រូវម្ចាស់ហាងម្លប់ស្បូវមានលាភ ប្តឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន ក្រោយពីរូបគេ បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត និងគប់ចូលក្នុងហាង ធ្វើឲ្យខូចខាតទ្រព្យសម្បតិ្ត។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៧៖៣០នាទីយប់ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩  ត្រង់ចំណុចក្នុងបរិវេណហាងម្លប់ស្បូវមានលាភ ក្រុម៧ ផ្លូវ១០៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ គង់ វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១០០៧Z ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមាន ឈ្មោះ សួន ឆវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ម្ចាស់ហាម្លប់ស្បូវមានលាភ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យោងតាមរបាយការរបស់សមត្ថកិច្ច សម្ភារៈខូចខាតមាន៖ រថយន្តកាមេរីបាឡែន ផលិតឆ្នាំ២០០២ ពណ៌ស បែកកញ្ចក់ផ្នែកខាងមុខ។ សម្ភារៈបន្សល់ទុក៖ អំបែងដុំឥដ្ឋប្រហោង២ដុំ, អំបែងដុំថ្ម៣ដុំ និងអំបែងចាន៤ដុំ។

ប្រភពពីសមត្ថកិច្ចបន្តទៀតថា នៅមុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានទទួលព័ត៌មានពីជនរងគ្រោះតាមរយៈទូរស័ព្ទថា នៅចំណុចខាងលើ មានមនុស្សប្រុសម្នាក់ បានយកដុំថ្មគប់មកលើហាង និងរថយន្តរបស់ខ្លួន បណ្តាឲ្យបែកកញ្ចក់រថយន្ត ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុ និងបាននាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនយកដុំថ្មគប់មកលើហាង និងរថយន្តរបស់គេ គឺដោយសារតែខ្លួនមួម៉ៅថ្លង់ខ្លាំងពេកដេកមិនបាន ហើយម្យ៉ាងខ្លួនមានជំងឺ ទើបសម្រេចចិត្តធ្វើដូច្នេះទៅ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីបន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post