
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានចេញដីកាកោះហៅលោក គង់ គាំ អតីតទីប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិ ឱ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញក្នុងនាមជាសាក្សី ពីសំណុំរឿងដែលពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា អតីតប្រធានអតីតបក្ស CNRP។ ដីកាកោះលេខ ៥៦៤២ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។

ភ្លាមៗក្រោយពីដីកាកោះនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ លោក ស៊ន តារា អតីតគ្រូបង្រៀនទស្សនវិទ្យា និងជាអ្នកគាំទ្របក្សប្រឆាំងបានលើកឡើងថា៖ ដូចការគិតរបស់យើង ហ៊ុន សែន បង្កើតសាក្សី គង់ គាំ ដើម្បីកែច្នៃប្រឌិតបទចោទលោកប្រធាន កឹម សុខា ដោះខ្សែដែលរិតករ ហ៊ុន សែន។ គួរឲ្យអស់សំណើច និងគួរឲ្យអាណិតជីវិតជនផ្តាច់ការបញ្ជាក់ថាកំពុងអាសន្ន។

បុរសសំបូរវោហាររូបនេះអំពាវនាវថា៖ ចូរយើងផ្តុំគ្នាតែ១ ក្រោមឆ័ត្រសង្រ្គោះជាតិ កុំចុះចូល កុំចុះចាញ់ ហ៊ុន សែននៅមិនយូរទេ។ មិនលុបបឹងតាមោក លុប! កាត់ករ មិនកាត់! កុំលុបសមុទ្រ លុប២ថែម! រស់៤០ឆ្នាំ រស់បាន០៤ខែទៀត! អភិវឌ្ឍន៍ គឺបំផ្លាញ រំដោះគឺឈ្លានពាន កឹម សុខាក្បត់ជាតិ ចឹងមានន័យថាកឹម សុខាស្នេហាជាតិ ហ៊ុន សែនក្បត់ជាតិ។ ហ៊ុន សែនចប់ហើយ។ ប្តូរ!
គួរបញ្ជាក់ថារហូតមកដល់ពេលនេះ តុលាការនៅមិនទាន់រកឃើញបទចោទប្រកាន់លើលោក កឹម សុខា ដែលកំពុងឃុំខ្លួននៅក្នុងគេហដ្ឋាននៅឡើយទេ។