header ads

Sponsor

ភ្នំពេញៈ លោក គី ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បដិសេធចំពោះពាក្យស្នើសុំរបស់សហមេធាវីលោក កឹម សុខា ស្នើឲ្យទំលាក់បទចោទប្រកាន់មកកូនក្តីរបស់ខ្លួន ដែលបានអូសបន្លាយជាង១ឆ្នាំមកហើយ ពាក់ព័ន្ធអំពើក្បត់ជាតិ ខណៈតុលាការបានកោះហៅលោក គង់ គាំ ដែលជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិទៅបំភ្លឺផងដែរ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ខាងមុខ។

កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨កន្លងមកនេះ ក្រុមមេធាវីបានដាក់ពាក្យស្នើសុំឲ្យលើកលែងការចោទប្រកាន់មកលើលោក កឹម សុខា ជាលើកទី៣ ប៉ុន្តែក្រោយពីមានការដាក់ពាក្យនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ចៅក្រមទើបតែឆ្លើយតបបដិសេធទៅវិញ។

យោងតាមដីកាសម្រេចរបស់លោក គី ឬទ្ធី នៅថ្ងៃទី៤ មករា បានឲ្យដឹងថា “បដិសេធពាក្យស្នើសុំនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ របស់សហមេធាវីការពារសិទ្ធិឲ្យជនត្រូវចោទឈ្មោះ កឹម សុខា”។

ដីការបស់ចៅក្រមយល់ឃើញថា ជនត្រូវចោទ កឹម សុខា ត្រូវបានតំណាងអយ្យការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។

ក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរ ត្រូវចាត់នីតិវិធី ដើម្បីស្រាវជ្រាវប្រមូលភស្តុតាងឲ្យបានពេញលេញ និងគ្រប់គ្រាន់ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌមុនបិទបញ្ចប់ការស៊ើបសួរ។ តំណាងអយ្យការបានស្នើសុំឲ្យបំពេញកិច្ចស៊ើបសួរបន្ថែមទៅលើសាក្សីមួយចំនួន ពាក់ព័ន្ធតាមដីកាស្នើសុំឲ្យបំពេញកិច្ចស៊ើបសួរ ហើយចៅក្រមស៊ើបសួរបានចាត់នីតិវិធីកោះហៅសាក្សីបន្ថែម ដើម្បីចូលឆ្លើយបំភ្លឺនៅពេលខាងមុខ។ នីតិវិធីស៊ើបសួរកំពុងដំណើរការទៅមុខ ដើម្បីប្រមូលភស្តុតាងបន្ថែម។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាងមួយឆ្នាំ ហើយត្រូវបានប្ដូរកន្លែង ឃុំខ្លួនពីត្រពាំងផ្លុង “ម៣” យកមកឃុំខ្លួនក្នុងផ្ទះរបស់ គាត់នៅទួលគោក ភ្នំពេញ នាម៉ោងជាង៣ ទៀបភ្លឺ ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ។

ជាមួយគ្នានេះដែរ សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ លោក គង់ គាំ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ដើម្បីចូលខ្លួនមកសាកសួរ ក្នុងសំណុំរឿងលោក កឹម សុខា ដែលជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស ក្នុងអំពើក្បត់ជាតិ។

យោងតាមដីការកោះហៅរបស់ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៨ បានឲ្យដឹងថា “យើង គី ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សូមអញ្ជើញលោក គង់ គាំ ជាសាក្សី មានទីលំនៅផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឲ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាម២០១៩ វេលាម៉ោង៨និង៣០នាទីព្រឹក នៅជាន់ទី៤បន្ទប់ គ”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post