header ads

Sponsor

ភ្នំពេញៈ ប្រធានាធិបតីចិន បានអះអាងថា ចិននឹងបន្តទិញអង្ករពីកម្ពុជា ក្នុងឆ្នាំ២០១៩នេះឲ្យបាន៤០ម៉ឺនតោន ហើយខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣។

ការសន្យានេះធ្វើឡើង ក្នុងជំនួបពិភាក្សាគ្នានោះប្រធានាធិបតីចិន លោក ស៊ី ជីន ពីង ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលទស្សនកិច្ចនៅប្រទេសចិន៤ថ្ងៃ។ នេះបើតាមបណ្តាះសង្គមហ្វេសប៊ុកសម្តេចតេជោ។

ជាការកត់សម្គាល់ការប្រកាសបន្តទិញអង្ករពីកម្ពុជានេះ ក៏ជាបង្ហាញថា​ ចិន ចូលរួមលើកកម្ពស់អង្ករកម្ពុជា ខណៈដែលសហភាពអឺរ៉ុប បានប្រកាសគិតពន្ធក្នុងការនាំអង្ករ ពីប្រទេសកម្ពុជាកាលពីពេលថ្មីៗកន្លងមកនេះ។

ក្នុងជំនួបពិភាក្សានាថ្ងៃទី២២ មករានេះ លោកប្រធានធិបតីចិន បានលើកឡើងថា តាមរយៈទស្សនកិច្ច​នេះ ចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ពិសេសការចូលរួម ចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា កាន់តែរឹងមាំទ្វេឡើងថែមទៀត។

លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា កម្ពុជានឹងទទួលបាននូវភាពជោគជ័យថែមទៀត ក្នុងរយៈពេល៦០ឆ្នាំទៅមុខ។ ក្នុងនាមជាប្រទេសជិតខាងល្អ ចិនសូមគាំទ្រចំពោះ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះ​ភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សម្តេចពិតជាមានការ រីក រាយ ក្នុងការទៅបំពេញទស្សនកិច្ចផ្លូវការសាជាថ្មីម្តងទៀត ក្នុងប្រទេសចិន។ សម្តេចក៏បាន ថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមកតែងតែទទួលនូវ ព្រះរាជបដិសណ្ឋារកិច្ចចំពោះព្រះវត្តមានព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ស្តេចយាង ទៅកាន់ប្រទេសចិន ក្នុងការពិនិត្យព្រះរាជសុខភាព និងយាងបំពេញទស្សន កិច្ចផ្លូវរដ្ឋ។

សម្តេចតេជោ ក៏បានលើកពីបញ្ហាមួយចំនួន ស្តីពីទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងនោះទី១ សម្តេចតេជោ បានជម្រាប​ជូនលោកប្រធានាធិបតី អំពីសភាពការណ៍ក្នុងប្រទេសកម្ពុជា ពិសេស ការក្រោយការបោះឆ្នោតសកល កម្មវិធីកំណែទម្រង់​នានារបស់រាជរដ្ឋាភិបាល និងការទប់ស្កាត់ពីការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីការបង្កើតឧត្តមក្រុម ប្រឹក្សាពិគ្រោះយោបល់ ដែលមានគណបក្សនយោបាយចូលរួមចំនួន១៩គណបក្ស។ ក្នុងជំនួបពិភាក្សានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើជូនលោក​ប្រធានាធិបតី ក្នុងការជំរុញ អ្នកវិនិយោគចិ នបន្តមកវិនិយោគ និងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសការបង្កើតរោងចក្រថ្មីៗ ថែមទៀត។

ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន ដែលជាទំនាក់ទំនងមានលក្ខណៈប្រពៃណី ហើយអ្វីដែលសម្តេចចង់ឃើញនោះ គឺក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនោះ គឺបន្តថែទាំ និងរក្សាឲ្យកាន់តែរឹងមាំថែមទៀត។

សម្តេចតេជោ បានស្នើឲ្យបន្តយន្តការទ្វេភាគីកាន់តែរឹងមាំ ជាមួយគ្នានេះសម្តេច នឹងចូលរួមក្នុងកិច្ចប្រជុំ កំពូលស្តីពីផ្លូវមួយ ខ្សែក្រវ៉ាត់មួយ លើកទី២ នៅចុងខែមេសា ឆ្នាំ២០១៩។ សម្តេចតេជោក៏បាន ស្នើថា ឆ្នាំ២០១៩ គឺជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ និងជាឆ្នាំនៃការផ្លាស់ប្តូរទេស ចរណ៍នៃប្រទេសទាំងពីរ។

សម្តេចតេជោ ក៏បានស្នើដល់លោកប្រធានាធិបតី គឺធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរ អាចមាននូវកិច្ចព្រមព្រៀងសេដ្ឋកិច្ចសេរី ព្រោះដោយសារប្រទេសទាំងពីរ មានភាពជាដៃគូយុទ្ធ សាស្រ្តគ្រប់ជ្រុងជ្រោយ រួចមកហើយតាំងពីរឆ្នាំ២០១០មកនោះ។

ជាឆ្លើយតបលោកប្រធានាធិបតីបានលើកឡើងថា ទំនាក់ទំនងរវាងចិន និងកម្ពុជា គឺពិតជាមាន លក្ខណៈពិសេសខ្លាំងណាស់ បើប្រៀបធៀបទៅនិងប្រទេសផ្សេងៗទៀត ពោលគឺទំនាក់ទំនងនៃប្រទេសទាំងពីរ មានលក្ខណៈសំខាន់បំផុត។

លោកបន្តថា លក្ខណៈពិសេស គឺទំនាក់ទំនងរវាងសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ជាមួយថ្នាក់ដឹកនាំចិន និងចាត់ទុកបានឡើងដល់កម្រិត មួយដែលខ្ពស់បំផុត បើប្រៀបធៀបទៅនិងប្រទេសផ្សេងៗទៀត។

លោកបានបន្ថែមថា ចិននិង កម្ពុជា នឹងបន្តរួមគ្នាសហគមន៍ដែលជាសហគមន៍រួមគ្នា ដើម្បីរៀបចំផែនការធ្វើកិច្វសហការលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងរវាងប្រជាជនិងប្រជាជន។ លោកស្វាគមន៍ ជូនចំពោះសម្តេច ដែលនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើក ទី២ ស្តីពីផ្លូវមួយ ខ្សែក្រវ៉ាត់មួយ នៅប្រទេសចិនក្នុងពេលខាងមុខ។

លោកប្រធានាធិបតីចិនបានគូសបញ្ជាក់ថា «នៅក្នុងឆ្នាំ២០១៩នេះ ចិននឹងបន្តនាំចូលអង្ករចំនួន៤០ម៉ឺនតោន ពីប្រ ទេសកម្ពុជា និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ក្នុងនោះចិននឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ទៅវិនិយោគនៅកម្ពុជា។ ជា មួយគ្នានេះ ប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ៤ពាន់លានយ័ន សម្រាប់រយៈពេល៣ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១»

សូ​មជម្រាបថា ក្នុងជំនួបកំពូលនោះដែរ សម្តេចតេជោ និងលោកប្រធានាធិបតី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែល មានការយកចិត្តទុកដាក់ដូចគ្នា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post