header ads

Sponsor

ភ្នំពេញៈ នារីម្នាក់ជិះម៉ូតូតែម្នាក់ឯង ចេញពីកម្មវិធីជួបជុំមិត្តភក្តិ​​ ត្រឡ​ប់ទៅផ្ទះវិញ តែត្រូវបានរថយន្ត LEXUS ដែលគេសង្ស័យថា ជាអ្នកចេញពី​កម្មវិធីដូចគ្នា បើកបុកពីក្រោយ អូសរាប់សិបម៉ែត្រ​ ឈាមដាប​ពេញផ្លូវ បណ្តាលឲ្យនារីរងគ្រោះស្លាប់ភ្លាមៗមួយរំពេច ហើយរថយន្តបានព្យាយាមបើករត់គេចបាត់។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​ បានកើតឡើ​ងកាលពីវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រឈាន​ចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ២០១១ (ខាងលិចសួនសុបិន្តចំការព្រីង) ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

នារីរងគ្រោះឈ្មោះ​ រឿន​ ស្រីមុំ​ អាយុ​២៦​ឆ្នាំ​ ជាបុគ្គលិកក្លឹបវាយកូនហ្គោល​ "ហ្គាឌិន​ ស៊ី​ធី​" មានស្រុកកំណើត​ភូមិ​គងជ័យ​ ឃុំព្រៃកកុយ​ ស្រុក​កងមាស​ ខេត្ត​កំពង់​ចាម ជិះ​ម៉ូតូម៉ាក ZOOMER X ពណ៌​សលាយទឹកក្រូច​ ពាក់ស្លាកលេខ​ភ្នំពេញ 1GS-6868។ ចំណែករថយន្តបង្កម៉ាក LEXUS RX330 បើកបរដោយបុរសម្នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) បានបើករត់គេចបាត់ ។

បើតាមប្រភពមួយពីមិត្តភក្តិ​នារីរងគ្រោះបានបង្ហើបឲ្យដឹងថា សង្ស័យរថយន្ត​ LEXUS មិន​ស្គាល់អត្តសញ្ញាណនោះ​ ជាអ្នកទើបនឹងចេញពីពិធីជប់លៀងជាមួយគ្នា តែនាងបញ្ជាក់ទៀតថា រូបនាងក៏មកមិនទាន់ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះទេ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ពួកគាត់ឃើ​ញ​នារីរងគ្រោះជិះម៉ូតូពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកល្បឿនយ៉ាងលឿន សំដៅទៅបុកពីក្រោយពេញទំហឹងតែម្តង ដោយពួកគាត់​សន្ឋិដ្ឋានថា​ ហាក់បីដូចជាមានគំនុំ និងមានចេតនាបើ​កបំបុក ផ្តាច់សង្ខារជនរងគ្រោះ ហើយបើករត់គេចបាត់តែម្ដង ហើ​យនៅកន្លែងកើ​តហេតុគេឃើ​ញមានកាមេរ៉ាសុវត្ថិភាពនៅតាមបណ្ដោយផ្លូវនោះដែរ​ សង្ឃឹមថា​ សមត្ថកិច្ចអាចនឹងស្រាវជ្រាវរកឃើ​ញអ្នកបើ​ករថយន្តបង្កនោះផង។

តាមនារីម្នាក់ផ្សេងទៀតត្រូវជាមិត្តភក្តិ​នារីរងគ្រោះ បានឲ្យដឹងថា មុនពេល​កើតហេតុ ពួកនាងទើបតែវិលត្រឡប់មកពីកម្មវិធីជប់លៀងនៅសណ្ឋាគាសុខា លុះយប់កាន់តែជ្រៅទៅហើយ ពួកនាងសុំចេញមកផ្ទះមុន ដោយនារីរងគ្រោះ បានប្រាប់ហើយ ទៅសម្រាកនៅផ្ទះរបស់នាងជាមួយដែរ ហើយនាងក៏បើករថយន្តចេញមកមុន រីឯនារីរងគ្រោះជិះម៉ូតូចេញមកតាមក្រោយ  តែដោយសារបាត់យូរពេក ក៏បើ​ករថយន្តត្រឡ​ប់មកតាមរកមើល ស្រាប់តែឃើញជនរងគ្រោះស្លាប់ ដោយជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងអាណោចអាធ័មបែបនេះទៅវិញ។

ក្រោយកើតហេតុសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យស្លាកស្នាមរួច ទំនាក់ទំនងក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរងខូចខាតខ្ទេចផ្នែកខាងក្រោយ សមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ ដើម្បីសហការជាមួយមិត្តភក្តិ​នារីរងគ្រោះ បន្តស្រាវជ្រាវរករថយន្តបង្ក ខណៈដែលអ្នកបើកបររថយន្តបង្កនោះ ជាមនុស្សមានវត្តមានចូលរួមក្នុងពិធីជប់លៀងជាមួយគ្នានោះដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post