ភ្នំពេញៈ អតីតផ្កាយ៣ លោក ឈឿន ចាន់ថន ហៅ ម៉ៅ ដែលជាអតីតមេអង្គរក្សសម្ដេច ជា ស៊ីម ត្រូវបានព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោសឲ្យមានសេរីភាពវិញហើយ ក្រោយតុលាការកម្ពុជា សម្រេចចោទប្រកាន់ចំនួន៥បទល្មើស និងដាក់ពន្ធនាគាររយៈពេល១៥ឆ្នាំ។ ការដោះលែងអតីតមេអង្គរក្សរូបនេះ បានធ្វើឡើងដោយស្ងាត់ៗ ហើយទើបបែកធ្លាយដល់សារព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ។
យោងតាមព្រះរាជក្រឹត្យលើកលែងទោស ដែលព្រះមហាក្សត្រ ឡាយព្រះហត្ថលេខាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចយ៉ាងដូច្នេះថា “ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ ឈឿន ចាន់ថន ហៅ ម៉ៅ ភេទប្រុស អាយុ៤១ឆ្នាំ ពីបទរំលោភលើទំនុកចិត្ត បំផ្លិចបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត លក់ដូរ និងចែកចាយអាវុធ បំផ្លិចបំផ្លាញសម្ភារៈយោធាសម្រាប់បម្រើការប្រយុទ្ធ និងខ្វះស្មារតីទទួលខុសត្រូវ ក្នុងការដឹកនាំគ្រប់គ្រងអង្គភាព តាមអំណាចសាលដីកាលេខ៣២២ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ របស់តុលាការកំពូល ដែលបានផ្តន្ទាទោសតាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ ៦៥ ក្រ IV អ/១២ ខែសីហា ឆ្នាំ២០១៤ របស់សាលាឧទ្ធរណ៍”។
អតីតឧត្តមសេនីយ៍ឯក ឈឿន ចាន់ថន ហៅ ម៉ៅ ជាមេបញ្ជាការកងអង្គរក្សសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ រួមជាមួយអង្គរក្ស៣នាក់ផ្សេងទៀត នៅក្នុងភូមិគ្រឹះរបស់លោក ដែលមានតម្លៃជិត១លានដុល្លារ លេខ៦៥ ផ្លូវលេខ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកទី៣ ខណ្ឌចំការមន រាចធានីភ្នំពេញ។
ការចាប់ខ្លួនគួរឲ្យភ្ញាក់ផ្អើលនេះ គឺបន្ទាប់ពីមានព្រះរាជក្រឹត្យ ដកហូតឋានន្តរស័ក្តិ និងតួនាទី ដែលព្រះមហាក្សត្រ ឡាយព្រះហស្តលេខា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១។ នេះមានន័យថា ការចាប់ខ្លួននេះ ធ្វើឡើងជាបន្ទាន់តែម្ដង។ ជាមួយគ្នា ក៏មានអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ឯក យឹម លាង ឲ្យទទួលតំណែងជាមេបញ្ជាការកងអង្គរក្ស ជំនួសលោក ឈឿន ចាន់ថន វិញ។
ក្រោយការចាប់ខ្លួន លោក ឈឿន ចាន់ថន ហៅម៉ៅ អាយុ៤១ឆ្នាំ ត្រូវតុលាការកម្ពុជា សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ១៥ឆ្នាំ ក្រោមការចោទប្រកាន់ចំនួន៥ករណី។ ទី១-ចោទពីបទលក់ដូរ និងក្លែងលិខិតស្នាម, ទី២-ចោទពីបទខ្វះស្មារតីទទួលខុសត្រូវ និងមិនយកចិត្តទុកដាក់ក្នុងភារកិច្ចរបស់ខ្លួន, ទី៣-ចោទពីបទរំលោភលើសេចក្តីទុកចិត្ត, ទី៤-ជាប់ចោទពីបទបំផ្លិចបំផ្លាញ និងកិបកេងសម្បត្តិរដ្ឋយកផ្ទាល់ខ្លួន និងទី៥-ចោទពីបទបំផ្លាញសម្ភារអាចធ្វើឲ្យអន្តរាយដល់ក្រសួងការពារជាតិ និងពិន័យប្រាក់១០លានរៀល ចូលថវិកាជាតិ៕