
ភ្នំពេញៈ កម្លាំងនគរបាលចិន សហការជាមួយកម្លាំងនគរបាលកម្ពុជា ចុះប្រតិបត្តិការណ៍ដ៏ក្តៅគគុក បង្ក្រាបក្រុមឧក្រិដ្ឋជនជាជនជាតិចិន ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ច បែរជាបែកឆ្លាយកន្លែង ផលិតបារីក្លែងក្លាយដ៏ធំ នៅចំណុចភូមិព្រែកសំរោង និងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងចាប់ខ្លួនជនជាតិចិន ចំនួន១០នាក់ និងមួយចំនួនទៀតរត់គេចខ្លួន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ។
នគរបាលអន្តោរប្រវេសន៍ បានឲ្យដឹងថា មុនឈានដល់ការបង្ក្រាប កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត លើគោលដៅចំនួនបីទីតាំងខាងលើ ដែលជនសង្ស័យជាក្រុមឧក្រិដ្ឋជន កំពុងលួចសំងំលាក់ខ្លួនក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ចមួយចំនួន នៅប្រទេសចិន ទើបកម្លាំងជំនាញសហការគ្នាឈានដល់ការបង្ក្រាប។
ដោយមានការសម្របសម្រួលនីតិវិធី ពីសំណាក់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល សមត្ថកិច្ចចុះបង្រ្តាបទីតាំងស្នាក់នៅចំណុចផ្ទះសំណាក់ “មនោរម្យ” ផ្ទះសំណាក់ “ទិត្យ ហួរ” ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងផ្ទះសំណាក់ “ជា សំណាង” ស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានជនជាតិចិនមួយចំនួនធំ បានដឹងខ្លួនមុន និងនាំគ្នារត់គេចបាត់ស្រមោល ទើបកម្លាំងយើងធ្វើការឆែកឆេរទីតាំងកន្លែងស្នាក់នៅបានបែកធ្លាយ កន្លែងក្រុមឧក្រិដ្ឋជន លួចផលិតបារីខុសច្បាប់ដ៏ធំចំនួនបីកន្លែង នៅក្រុងតាខ្មៅ។
បន្ទាប់ពីឆែកឆេររួច កម្លាំងជំនាញបានរកឃើញម៉ាស៊ីនផលិតបារី សារធាតុលាយផ្សំជាច្រើនមុខ និងសំបកកេះបារី ដែលកំពុងរៀបវេចខ្ចប់មួយចំនួនធំ និងវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្ន ទីតាំងផលិតបារីដ៏ធំចំនួនបីកន្លែង ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការបិទបណ្តោះអាសន្ន ចំណែកក្រុមឧក្រិដ្ឋជនចំនួន១០នាក់ បាននាំខ្លួនទៅសាកសួរ នៅស្នងការនគរបាលខេត្តកណ្តាល៕
















