
ស្វាយរៀងៈ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង កំពុងកាក់កប ខណៈឬស្សីពីងពង់មានហាងឆេងនាំចេញទៅក្រៅប្រទេសពី ព្រោះឫស្សីមួយប្រភេទនេះ គេយកទៅធ្វើផ្ទះ និងគ្រឿងសង្ហារឹមផ្សេងៗ និងដោយមើលឃើញពីគុណប្រយោជន៍របស់ឫស្សីនេះ ទើបអ្នកស្រុករមាសហែកនិងអាជីវករដែលរកស៊ីទិញដើមឬស្សីពីងពង់ ជាពិសេសអ្នករស់នៅឃុំដូង ដែលមានឫស្សីពីងពង់ស្រាប់ បានត្រូវប៉ាន់ ព្រោះមានទីផ្សារលក់ទៅឱ្យឈ្មួញវៀតណាមបានកើនឡើង ដោយបានតម្លៃសមរម្យគ្រប់គ្រាន់បានដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។
បើតាមការឱ្យដឹងពីសំណាក់ប្រជាពលរដ្ឋដែល រស់នៅភូមិបាត្រាស់ ឃុំដូង បានឱ្យដឹងថាៈសព្វថ្ងៃគាត់មានចិត្តសប្បាយរីករាយខ្លាំងណាស់ ខណៈដែលគាត់មានជីវភាពធូរធាបានមួយកម្រិត ដោយមានក្រុមឈ្មួញវៀតណាមឡើងមកទិញដល់ភូមិ -ឃុំ របស់ពួកគាត់តែម្តងមិនពិបាកក្នុងការដឹកជញ្ជូនចុះឡើងនោះឡើយ។
ប្រភពដដែលបានឱ្យដឹងទៀតថាៈឫស្សីពីងពង់នេះត្រូវបានប្រជាពលរដ្ឋខ្លះ បានដើរប្រមូលទិញពីភូមិឃុំផ្សេងៗទៀត នៃស្រុករមាសហែក មកលក់នៅភូមិបាត្រាស់ ហើយក៏មានរថយន្តរបស់ក្រុមឈ្មួញវៀតណាម មកដឹកយកទៅលក់បន្តទៀតនៅប្រទេសវៀតណាម ដោយឫស្សីពីងពង់មួយដើម បើជាប្រភេទលេខមួយបានតម្លៃ២.៧០០រៀល លេខ២បានតម្លៃ ២.០០០រៀល និងប្រភេទលេខ៣ បានតម្លៃចំនួន ១.៥០០រៀល។
ដោយឡែកក្រុមអាជីវករវិញក៏បានឱ្យដឹងផងដែរថា ឫស្សីពីងពង់នេះគេយកទៅធ្វើជាគ្រឿងសង្ហារឹម មានតុ កៅអី និងធ្វើផ្ទះសំបែងផងដែរ។ មិនតែប៉ុណ្ណោះបើពុំមានការដាំឡើងវិញទេ ច្បាស់ជាប្រភេទឫស្សីពីងពង់ និងបាត់បន្តិចម្តងៗអាចឈានទៅដល់ការបាត់បង់ទាំងស្រុង ព្រោះឈ្មួញវៀតណាមមានតម្រូវការច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារនៅប្រទេសរបស់គេ។
ទោះបីជាយ៉ាងណាក៏ដោយ ឫស្សីពីងពង់នេះបើដាំវាវិញ មានរយៈពេលយូរទម្រាំបានផលគឺដាំតាមធម្មជាតិរបស់វាពី៤ទៅ៦ឆ្នាំឯណោះ ទើបទទួលផលបានហើយអ្វីដែលជាប្រការគួរឱ្យចាប់អារម្មណ៍នោះនៅប្រទេសយើងពុំមានទីផ្សារនោះទេហើយក៍គ្មានសិប្បកម្មសំរាប់កែឆ្នៃនោះដែរទើបត្រូវនាំចេញដូច្នេះ៕





