header ads

Sponsor

កំពតៈ ខេត្តកំពតនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តគៀនយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាខេត្ត ជាប់ព្រំដែនគ្នា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃខេត្តទាំងពីរ មានលក្ខណៈល្អ ជួយសម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋទាំងសងខាង ហើយថ្នាក់ដឹកនាំនៃខេត្តទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាព ក្នុងភាពជាបងប្អូនគ្នារវាងប្រទេស និងប្រទេស ពិសេសរវាងខេត្តទាំងពីរ កំពត គៀនយ៉ាងនឹងកាន់តែប្រសើរឡើងទ្វេដងនៅឆ្នាំបន្តបន្ទាប់។

ថ្លែងនៅក្នុងឱកាសដឹកនាំគណៈប្រតិភូ និងតំណាងថ្នាក់ដឹកនាំជុំវិញខេត្ត ទៅសំណេះសំណាល់ និងជូនពរ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅខេត្តគៀនយ៉ាង លោក ជាយ តាយ អភិបាលខេត្តកំពត និងលោក ម៉ាយ អាញ់ញិន  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង បានលើកឡើងក្នុងអត្ថន័យដូចគ្នាថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃខេត្តទាំងពីរ កំពត-គៀនយ៉ាង មានដូចជា វិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម កសិកម្ម ជាពិសេសន្ដិសុខសសណ្ដាប់ធ្នាប់សាធារណៈកាន់តែមានភាពរីកចម្រើន ជាបន្តបន្ទាប់ក្រោមការដឹកនាំនៃខេត្តទាំងពីរ។ ក្នុងនាមជាបងប្អូន  និងជាអ្នកជិតខាងល្អ ខេត្តគៀនយ៉ាង តែងតែជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ និងថវិកាដល់ខេត្តកំពត។ ទន្ទឹមនេះផងដែរ កិច្ចសហប្រតិបត្តិការការពារសន្តិសុខតាមបណ្តោយព្រំដែន រវាងខេត្តទាំងពីរ បានផ្តល់នូវភាពអនុគ្រោះអោយគ្នាទៅវិញទៅមកបានល្អ ហើយបានបង្កឱកាស អោយប្រជាជននៃខេត្តទាំងពីរ ជាសាច់ញាតិ បងប្អូនបានសួរសុខទុក្ខគ្នា និងប្រកបមុខរបររកស៊ី មានភាពសុខសាន្ត និងរីកចម្រើនជាលំដាប់។

លោកអភិបាលបានបន្តថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តកំពតទាំងមូល និងក្នុងនាមលោកផ្ទាល់ សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋ កម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាមទាំងមូល និងដោយឡែក ខេត្តគៀនយ៉ាងជាបងប្អូន  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០១៩នេះ សូមអោយចំណងមិត្តភាព ជាបងប្អូនរវាងកម្ពុជា និងវៀតណាម ជាពិសេសរវាងខេត្តកំពត និងខេត្តគៀនយ៉ាង  កាន់តែរីកចម្រើនជាលំដាប់ទ្វេដង។

នៅក្នុងឱកាសនោះដែរ លោក ជាយ តាយ បានប្រសិទ្ធិពរ បវរមហាប្រសើរជូន លោក លោកជំទាវ ជាថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង លោក លោកស្រី  កម្មាភិបាល យុទ្ធជន យុទ្ធនារី  និងប្រជាជនខេត្តគៀនយ៉ាងទាំងអស់  សូមទទួល បាននូវសុខភាពល្អ និងជ័យជំនះគ្រប់ភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន ហើយសូមអោយចំណងមិត្តភាព សាមគ្គីភាព ជាបងប្អូនរវាងខេត្តកំពត នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ថិតស្ថេរដ៏យូរអង្វែងតរៀងទៅ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post