បន្ទាយមានជ័យៈ បុរសជនជាតិ២នាក់ ដែលពាក់ព័ន្ធនិងករណីជំរិតទារប្រាក់១លានដុល្លារដោយប្រើអំពើហិង្សាលើជនជាតិចិនជាថៅកែបុរីសានស៊ានហូ មានទីតាំងស្ថិតនៅភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវបានចាប់ខ្លួនបញ្ជូនឡើងតុលាការកាលពីថ្ងអាទិត្យ ទី១៣ មករា ឆ្នាំ២០១៩។
ជនដៃដល់ជនជាតិចិន២នាក់នេះ ទី១-ឈ្មោះ លី ម៉ីង (LI MING) ភេទប្រុស អាយុ២៨ឆ្នាំ ២- ឈ្មោះ ពីង ស៊ីន ហ៊ូ (PENG SHUZHOU) ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅកាស៊ីណូបូរីសានស៊ានហូ ស្ថិតក្នុងភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន គឺកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងពីជនជាតិចិន៣នាក់ ទី១- ឈ្មោះ ZHAO XIANG ភេទប្រុស អាយុ២៨ឆ្នាំ, ២-ឈ្មោះ FENG YUMPENG ភេទប្រុស អាយុ៣១ឆ្នាំ, ៣- ឈ្មោះ HOI KUE ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅក្នុងកាស៊ីណូបូរីសានស៊ានហូ ស្ថិតនៅភូមិឃុំខាងលើ ហើយបានប្តឹងជនសង្ស័យ២នាក់ខាងលើ ដែលបានជំរិតទារប្រាក់ចំនួន១លានដុល្លារ និងប្រើអំពើហិង្សាទៅលើជនរងគ្រោះឈ្មោះ HOI KUE ( ជាថៅកែចិន ) និងជនរងគ្រោះ២នាក់ទៀត បណ្ដាលឲ្យរងរបួសស្រាល ប្រព្រឹត្តកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ នៅក្នុងកាស៊ីណូបូរីសាន ស៊ានហូ។
ក្រោយទទួលពាក្យបណ្តឹងហើយសមត្ថកិច្ចបានកំណត់ មុខសញ្ញាឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចកាស៊ីណូបូរីសានស៊ានហូ ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក មាស ច័ន្ធពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ មិនអាចទាក់ទងបានទេ ក្នុងសំណុំរឿងជំរិតទារប្រាក់នេះ ដោយលោកមិនលើកទូរស័ព្ទ៕
