
ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៤៖១០នាទីល្ងាច ថ្ងៃទី១៥ ខែ មករា ឆ្នាំ ២០១៩ កូនប្រុសស្រី២នាក់ ម្នាក់អាយុ៧ឆ្នាំ ម្នាក់ទៀតអាយុ៣ឆ្នាំ ត្រូវបានអគ្គិភ័យឆក់យកជីវិតយ៉ាងអណោចអាធ័ម ក្រោយឆាបឆេះផ្ទះមួយខ្នង ស្ថិតនៅចំណុចអណ្តូងតាជុគ (ក្បាលខ្មោច ) ភូមិអូថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះ មានទំហំ ៤ម៉ែត្រូ x ៣ម៉ែត្រ មានដំបូលប្រក់ស្បូវ ជញ្ជាំងស័ង្កសី កម្ពស់២ម៉ែត្រ មានម្ចាស់ឈ្មោះ ត ឯល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម នឹងប្រពន្ធឈ្មោះ សី ធាង អាយុ៣១ឆ្នាំ បណ្តាលឲ្យស្លាប់កូន២នាក់ ទី១-ឈ្មោះ ឯល ម៉ាត់ ភេទ ប្រុស អាយុ៧ឆ្នាំ ២-ឈ្មោះ ឯល ម៉ៃ ភេទស្រី អាយុ៣ឆ្នាំ។



ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ម្តាយរវល់ទៅច្រូតស្បូវចង្ងាយពីផ្ទះប្រហែល ៥០០ ម៉ែត្រ ឪពុកទៅមើលក្របីចម្ងាយប្រហែល៣គីឡូម៉ែត្រ ចំណែកកូនប្រុស បង អាយុ៩ឆ្នាំ ទៅចងគោ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺក្មេងទាំងពីរនាក់យកដែកកេះបង្កាត់ភ្លើងដាំទឹកឆុងមី ទើបបង្កជាអគ្គិភ័យឆេះរាល់ដាលដល់ផ្ទះតែម្ដង។


សម្ភារៈខូចខាតរួមមាន ៖ ស្រូវ១០ការ៉ុង អង្ករ២០ការ៉ុង នឹងសម្ភារៈមួយចំនួនទៀតក្នុងផ្ទះ៕

