
ភ្នំពេញៈ ក្មេងស្ទាវ២នាក់ ជិះម៉ូតូ Today មួយគ្រឿង ឌុបគ្នាទៅទិញបារីជក់ គ្រាន់តែងាកមើលមុខក្មេងស្ទាវមួយក្រុមទៀត មានគ្នាជាង២០នាក់ មកចូលរួមកម្មវិធីខួបកំណើត ស្របពេលដែលផឹកស្រវឹងស្រឿងៗផង ក៏ឃើញក្មេងស្ទាវ២នាក់នោះ ជិះម៉ូតូឌុបគ្នាឆ្លងកាត់មុខនៅហាងខារ៉ាអូខេនោះទៀត ទើបងាកមើលមុខគ្នាទៅវិញទៅមក បែរជាឌឺដងដាក់គ្នា រួចនាំគ្នាកាន់ចាន កាន់កែវ សម្រុកចេញពីក្នុងហាង រត់ទៅដេញតាម និងគប់សំដៅទៅលើក្មេងស្ទាវទាំង២នាក់នោះ រត់ចូលដល់ក្នុងភូមិស្រែកឆោឡោហៅអ្នកភូមិដទៃទៀត ចេញមកតាមសួរនាំ ផ្អើលសមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នាចោមរោមពេញមុខខារ៉ាអូខេ “គ្រួសារ ឡាលីន” ទាំងយប់។
ហេតុការណ៍បង្កឲ្យមានភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៩៖២០នាទីយប់ ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូ៩៩ កែងផ្លូវ៤៩៨ ត្រង់ចំណុចហាងខារ៉ាអូខេយីហោខារ៉ាអូខេ “គ្រួសារ ឡាលីន - Lalin Family KTV” ភូមិ៤ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ប្រាប់ឲ្យភ្នាក់ងារ CAM POST ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញនៅក្នុងហាងខារ៉ាអូខេខាងលើ មានរៀបចំកម្មវិធីខួបកំណើត ដោយឃើញមានក្មេងស្ទាវប្រុសស្រី ជិះឌុបគ្នា ចូលមកបន្តបន្ទាប់ ក្រោយមកក៏មានក្មេងស្ទាវ២នាក់ ជិះម៉ូតូ Today ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1Z-8835 ឌុបគ្នា បំណងទៅទិញបារីជក់ ដោយធ្វើដំណើរឆ្លងកាត់ពីមុខហាងខារ៉ាអូខេខាងលើ ហើយក៏ងាកមើលឃើញមានគេធ្វើកម្មវិធីខួបកំណើត រួចក៏ជិះទៅបាត់។
អ្នកឃើញហេតុការណ៍បន្តថា មួយសន្ទុះក្រោយមកក៏ឃើញក្មេងស្ទាវ២នាក់នោះ ជិះត្រលប់មកវិញ រួចងាកមើលទៅកន្លែងគេធ្វើខួបកំណើតនោះទៀត ពេលនោះក៏មានក្មេងស្ទាវមួយក្រុមទៀត មានគ្នាជាង២០នាក់ មានខ្មែរផង វៀតណាមផង ដែលមកចូលរួមកម្មវិធីខួបកំណើត ក្នុងហាងខារ៉ាអូខេ “គ្រួសារ ឡាលីន” ខាងលើនោះ ទំនឹងជាផឹកស្រវឹងស្រឿងៗផង ខណៈដែលឃើញក្មេងស្ទាវទាំង២នាក់នោះ ជិះម៉ូតូឌុបគ្នាឆ្លងកាត់មុខនោះទៀត ហើយងាកមើលមុខគ្នាទៅវិញទៅមក ទំនងជាឌឺដងដាក់គ្នា ទើបស្រែកដាក់ក្មេងស្ទាវ២នាក់នោះថា “ហែង មើលអីហា” ក្មេងស្ទាវទាំង២នាក់នោះក៏ឈប់ម៉ូតូនៅមុខនោះចម្ងាយពីហាងជិត១០ម៉ែត្រ ហើយក៏ឆ្លើយវិញថា “គ្រាន់តែខ្ញុំមើលមុខសោះ មិនបានដែរ” ស្រាប់តែក្រុមក្មេងស្ទាវមានគ្នាជាង២០នាក់នោះ ស្រែកថា “ពួកហែងឈ្លើយម៉េសហា” ហើយក៏សម្រុកចេញពីក្នុងហាង កាន់ទាំងចាន ទាំងកែវ និងខ្លះទៀតរើសដុំថ្ម និងដុំឥដ្ឋ ឃើញដូច្នេះក្មេងស្ទាវទាំង២នាក់នោះ ទុកម៉ូតូចោលរត់ចូលក្នុងភូមិ ហើយក្រុមក្មេងស្ទាវនោះរត់ដេញតាម គប់សំដៅទៅលើក្មេងស្ទាវទាំង២នាក់នោះ រហូតដេញតាមចូលដល់ក្នុងភូមិ ទើបក្មេងទាំង២នាក់នោះ ស្រែកឆោឡោថា “ជួយផងគេដេញវ៉ៃខ្ញុំហើយ”។
អ្នកឃើញហេតុការណ៍បន្តទៀតថា បន្ទាប់មកក៏ឃើញមានអ្នកភូមិជាច្រើនទៀត ចេញមកជួយ ហើយរើសដុំថ្មគប់ទៅវិញទៅមក បណ្ដាលឲ្យក្មេងស្ទាវទាំង២នាក់នោះ រងរបួសឈាមពេញដៃ ទើបអ្នកភូមិទាំងនោះក៏រត់ចេញមកតាមក្រុមក្មេងស្ទាវមានគ្នាជាង២០នាក់នោះ ហើយឃើញបែកកញ្ចក់ទ្វារហាងខាងមុខ រួចរត់មកចូលពួនក្នុងហាងបាត់ស្រមោលអស់ ទើបខឹងចិត្តពេកមិនឃើញមានអ្នកណាចេញមកដោះស្រាយ ក៏នាំគ្នាព្រួតវាយកម្ទេចម៉ូតូ Honda Dream ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BX-4602 ដែលជារបស់ភាគីក្រុមក្មេងស្ទាវមានគ្នាច្រើនដែលជិះដេញតាមហើយរត់ចោលម៉ូតូនោះ ទើបបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនាំគ្នាចោមរោមពេញមុខខារ៉ាអូខេ គ្រួសារ ឡាលីន នោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ផងដែរ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យប្រាប់ភ្នាក់ងារ CAM POST ថា បន្ទាប់ពីមានការដេញវាយគ្នាឡើងផ្អើលរួច គេឃើញមានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ និងកម្លាំងអាវុធហត្ថខណ្ឌចំការមន ចុះមកពិនិត្យមើលជាក់ស្ដែង រួចយកម៉ូតូ២គ្រឿង មានម៉ូតូ Today មួយគ្រឿង និងម៉ូតូ Honda Dream មួយគ្រឿង) យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីរងចាំភាគីទាំងសងខាងចូលមកដោះស្រាយគ្នា។
ក្រោយមកក្មេងស្ទាវទាំង២នាក់នោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ឲ្យសមត្ថកិច្ចអន្តរាគមន៍តាមច្បាប់ផងដែរ មួយសន្ទុះក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានមកនាំខ្លួនយុវជនម្នាក់ ជាម្ចាស់ម៉ូតូ Honda Dream ខាងលើនោះ យកទៅធ្វើការសាកសួរបំភ្លឺនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ចំណែកឯក្រុមក្មេងស្ទាវជាង២០នាក់ ដែលនៅសល់មានប្រុសមានស្រីនោះ ត្រូវបានម្ចាស់ហាង ទូទាត់លើសម្ភារៈខូចខាតរួចរាល់សិន ទើបអនុញាតឲ្យចេញមកក្រៅ៕























