header ads

Sponsor

ភ្នំពេញៈ លោក សម រង្ស៊ី បានថ្លែងថា ប្រជាពលរដ្ឋខ្មែរភាគច្រើន បានយល់ឃើញថា បើអន្តរជាតិដាក់ទណ្ឌកម្មមកលើកម្ពុជា កាន់តែខ្លាំង គឺកាន់តែល្អ ពីព្រោះពលរដ្ឋទាំងនោះ សុខចិត្តលំបាកមួយគ្រា។

គណៈកម្មការអឺរ៉ុប (EU) បានប្រកាសថា ចាប់ពីថ្ងៃទី១៨ ខែមករានេះតទៅ ការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ទៅកាន់សហភាពអឺរ៉ុប នឹងគិតពន្ធ ព្រោះការនាំចូលអង្កររបស់ប្រទេសទាំងពីរ បានធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចអ្នកផលិតអឺរ៉ុប ហើយ EU នឹងចាប់ផ្តើមយកពន្ធនៅឆ្នាំទី១ ចំនួន២០០,៧៣ដុល្លារ ក្នុង១តោន ហើយពន្ធនឹងទម្លាក់ចុះនៅឆ្នាំបន្តបន្ទាប់។

យោងតាមទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី នៅថ្ងៃទី១៨ ខែមករា បានសរសេរថា ប្រជាពលរដ្ឋភាគច្រើន ចង់ឲ្យអន្តរជាតិ ដាក់ទណ្ឌកម្មមកលើសម្ដេច ហ៊ុន សែន។ ប្រជាពលរដ្ឋភាគច្រើន នៅកម្ពុជា យល់ឃើញថា បើអន្តរជាតិដាក់ទណ្ឌកម្មមកលើសម្ដេច ហ៊ុន សែន កាន់តែខ្លាំង និងកាន់តែឆាប់ គឺកាន់តែល្អ។ ប្រជាពលរដ្ឋទាំងនោះ សុខចិត្តលំបាក ហើយសុខចិត្តអត់ទ្រាំមួយគ្រា ពីព្រោះពួកគាត់ចង់ឲ្យសម្ដេច ហ៊ុន សែន ដួលរលំឲ្យឆាប់ ដោយសង្ឃឹមលើទណ្ឌកម្មពីអន្តរជាតិនេះ

ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយសម្ដែងការសោកស្ដាយ ចំពោះសេចក្ដីសម្រេចនេះ ដែលមិនបានឆ្លុះបញ្ចាំងទាំងស្រុងលើទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ បទដ្ឋានបច្ចេកទេស និងសច្ចភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក រវាងរាជរដ្ឋាភិបាល វិស័យឯកជនរបស់កម្ពុជា និងសហគមន៍អឺរ៉ុបនោះឡើយ។

លិខិតបន្តថា ក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយប្រជាជនកម្ពុជា ១៦លាននាក់ អំពាវនាវឲ្យគណៈកម្មការអឺរ៉ុប ពិនិត្យឡើងវិញ នូវការសម្រេចរបស់ខ្លួន ដោយផ្អែកលើវិធានពាណិជ្ជកម្មអន្ដរជាតិ និងចំណងកិច្ចសហប្រតិបត្តិការល្អ ជាប្រពៃណីរវាងកម្ពុជា និងសហភាពអឺរ៉ុប។

សូមរំឭកថា សហគមន៍អឺរ៉ុប គឺជាទីផ្សារដ៏សំខាន់សម្រាប់អង្ករកម្ពុជា នៅឆ្នាំ២០១៨ កម្ពុជា នាំចេញអង្ករទៅអឺរ៉ុប ជិត៣០ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួន ដែលបាននាំចេញទាំងអស់ ចំនួន៦២ម៉ឺនតោន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post