header ads

Sponsor

(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង ស្រុកចន្រ្ទា ខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ និងមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាព នានាជុំវិញខេត្ត ។


លោក ហែម ពិសិដ្ឋ បានមានប្រសាសន៍ថា៖ ដោយបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក  ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតា ក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយ លោកស្រី សំ ថាវី ត្រូវបានតែងតាំងជាអភិបាលរងស្រុកចន្រ្ទា ខេត្តស្វាយរៀង ។


លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗដូចជា៖

ទី១-ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។

ទី២-បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង។

ទី៣-គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។

ទី៤-បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។

ទី៥-យកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន។

ទី៦-ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ

ទី៧-បង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុង។

ស្រុក ជាពិសេសនៅតាមទីប្រជុំជន និងនៅតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក។

ទី៨-បន្តជំរុញ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត។

ទី៩-ខិតខំរួមសហការគ្នាអភិវឌ្ឍន៍ស្រុកឲ្យកាន់តែមានការរីកចម្ររើនថែមទៀត ព្រមទាំងត្រូវចុះដោះស្រាយបញ្ហា ឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ។


សូមបញ្ជាក់ថាៈយោងតាមប្រកាសស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃលេខ៨០០៥ប្រ.ក ចុះថ្ងៃច័ន្ទ៩រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានតែងតាំង លោកស្រី សំ ថាវី ឋានន្តរស័ក្ដិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ ទៅជាអភិបាលរង នៃគណៈអភិបាលស្រុកចន្រ្ទា ខេត្តស្វាយរៀង ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post