
កំពង់ឆ្នាំងៈ ក្របីមួយក្បាល ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ ក្រោយពីវាដើរវ័ធមនុស្ស២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល និងខូចខាតម៉ូតូ១គ្រឿង។
លោក ណុប សារ៉ាត់ អាយុ៤៦ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជាម្ចាស់ក្របី បានឲ្យដឹងថា លោកជាអ្នករកស៊ីទិញលក់គោក្របី ដោយកាលពីថ្ងៃទី៤ ខែមករា លោកបានទិញក្របីស្ទាវមួយក្បាលនេះពីភូមិជរ ឃុំប្រស្នឹប ស្រុករលាប្អៀរ ដឹកតាមរ៉ឺម៉កមូតូ យកមកទុកថែបំប៉ននៅផ្ទះ ក្នុងភូមិត្រពាំងចឹក្សា។ លុះព្រឹកឡើង ថ្ងៃទី៥ ខែមករា លោកបានដឹកក្របីនេះចេញពីផ្ទះទៅចងនៅវាលស្រែ ស្រាប់តែក្របីស្ទាវនេះ ដេញបុក និងជល់លោកចំនួន៣ដងផ្ទួនៗគ្នា បណ្តាលអោយលោករបួសជាមធ្យម ។ ហើយល្ងាចឡើង វាដេញជល់ និងវ័ធក្មេងប្រុសអាយុ១៣ឆ្នាំ ម្នាក់ទៀត ដែលកំពុងឃ្វាលគោនៅវាលស្រែ បណ្តាលឲ្យរងរបួសធ្ងន់សន្លប់ និងអ្នករត់ម៉ូតូឌុបម្នាក់ ក្នុងភូមិ ត្រូវបានក្របីឡើងកនេះដេញវ័ធ បណ្តាលអោយខូចម៉ូតូស្រាល។
ដោយឡែកនៅព្រឹកថ្ងៃទី៨ ខែមករា ក្របីឡើងកនេះ បានបោលបុករបងភូមិធ្លាយចេញមកខាងក្រៅដោយខ្លាចដេញវ័ធគេឯងទៀត ទើបម្ចាស់ក្របីបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំង ស្នើសុំថ្នាក់លើបាញ់ក្របីនេះសម្លាប់ចោល ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
នៅពេលមានការឯកភាពពីថ្នាក់លើ នៅម៉ោង៨ព្រឹកថ្ងៃទី៨ ខែមករា សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង សហការជាមួយនគរបាលប៉ុស្តិ៍កំពង់ឆ្នាំង បានតាមប្រមាញ់បាញ់សត្វក្របីនៅក្នុងភូមិត្រ ពាំងចឹក្សា តែមិនបានសម្រេច វាក៏បានរត់ឆ្លងផ្លូវជាតិមកនៅក្នុងភូមិទួលក្រឡាញ់ខាងលិចផ្លូវជាតិលេខ៥វិញ ដោយនៅតាមផ្លូវសូម្បីតែម៉ូតូ រថយន្ត ក៏វាដេញវ័ធដោមិនរើសមុខឡើយ។
កិច្ចប្រតិបត្តិការរបស់ សមត្ថកិច្ចបានចំណាយពេលជាង២ម៉ោង រហូតដល់ម៉ោង១០៖១០នាទី ទើបលោក អ៊ីម មេបញ្ជាការកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ប្រើអាវុធអាកាលូនចូលកៀនសត្វក្របី ដែលពួនក្នុងព្រៃមួយនៅក្នុងភូមិ និងបានបាញ់១គ្រាប់ចំឆ្អឹងជំនីខាងស្តាំ បណ្តាលអោយក្របីសាវហាវមួយក្បាលនេះរត់មួយខ្យល់បានប្រមាណជា៤០ម៉ែត្រ ហើយដួលក្នុងទឹកថ្លុកមួយ ដាច់ខ្យល់ងាប់ទៅ៕






