
ភ្នំពេញៈ បុរសម្នាក់ បានជិះម៉ូតូចេញពីធ្វើការសំណង់បំណងទៅផ្ទះ ស្រាប់តែជ្រុលទៅបុករថយន្តដែលចតលើចិញ្ចើមផ្លូវទាំងស្ថានភាពងងឹត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខវត្តក្តីចាស់ ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ(សព)មានឈ្មោះ ញឹម ផន ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅម្តុំវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ មានប្រពន្ធ និងកូនតូចមួយ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាក់លេខ ភ្នំពេញ 2Y-8042 ដឹកបន្លែធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានឈប់ដោយមិនបានដាក់សញ្ញា និងភ្លើងនោះទេ ថែមទាំងទីតាំងមានស្ថានភាពងងឹតទៀតផង គ្រានោះស្រាប់តែជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ បិតពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BM- 0973 ជិះតាមបណ្តោយផ្លូវជាតិ៦A ទិសដៅកើតទៅលិចស្របទិសគ្នាជាមួយរថយន្តខាងលើ មិនប្រយ័ត្នមើលមិនឃើញក៏បុកចំកាងដែកខាងក្រោយ បណ្តាលឲ្យបែកមួកសំណង់របស់គាត់ បាក់.ក និងបាក់ដៃខាងឆ្វេង ស្លាប់ភ្លាមៗតែម្តង។ ខណៈនោះ តៃកុងរថយន្តមើលសភាពមិនស្រួល ក៏បើករថយន្តចេញពីកន្លែងកើតហេតុបាន ប្រហែល៣០០ម៉ែត្រទៅ៤០០ម៉ែត្រ ក៏ត្រូវបានប្រជាពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ច។ មួយសន្ទុះក្រោយមកប្រពន្ធមកដល់ក៏យំស្រែករៀបរាប់ប្រាប់គេឯងគួរឲ្យអាសូរណាស់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសព សមត្ថកិច្ចបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕








