header ads

Sponsor

ភ្នំពេញៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីរបស់ប្រជាជនចិន វៀតណាម ក៏ដូចជាបងប្អូនខ្មែរ ដែលមានសែស្រឡាយកាត់ចិន ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ដោយហាមប្រាមជាដាច់ខាតនូវ ការអុជ និងការនាំចូលផាវ កាំជ្រួចគ្រប់ប្រភេទ មកក្នុងរាជធានីភ្នំពេញ ហើយក៏មិនអនុញ្ញាតឲ្យមានការហែក្បួនផ្សេងៗ តាមបែបសាសនា ដោយគ្មានការអនុញ្ញាតនោះទេ​។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយ លោក ឃួង ស្រេង និងបានចេញផ្សាយ កាលពីថ្ងៃទី ២៩ ខែមករា កន្លងទៅនេះ បានណែនាំដល់ មន្ទីរអង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជន នៅក្នុងរាជធានីភ្នំពេញ ចំនួន៧ចំនុច ដែលក្នុងនោះមានដូចជា៖

១៖ ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច  ឬ បង្ករសំឡេងផ្ទុះ គ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ មិនឱ្យលេងល្បែងគ្រប់ប្រភេទ ដែលមានលក្ខណៈស៊ីសង និងរាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬ ប្រពៃណី ដែលគ្មានការអនុញ្ញាតិ ត្រូវហាមឃាត់។

២៖ គ្រប់ទីកន្លែងកំសាន្តសប្បាយនានា មន្ទីរ អងអ្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សា សន្តិសុខ  សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និង ត្រូវប្រុងប្រយ័ត្ន ក្នុងការអុច ទៀន ធូប ក្រដាសសែន ភ្លើងចង្រ្កាន ចរន្តអគ្គិសនី ដែលអាច បង្ករឱ្យមានគ្រោះអគ្គិភ័យ កើតឡើងជាយថាហេតុ។ ដោយឡែកការអុចក្រដាសសែន ត្រូវប្រើធុងដែក ឬ ឆ្នាំងដី ដើម្បីដុត ហាមដាច់ខាត មិនឱ្យដុតលើចិញ្ចើមផ្លូវ  ឬ ទ្រូងផ្លូវសាធារណៈ។

៣៖ ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះ គ្រប់ប្រភេទ តាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យ ដកហូត វត្ថុទាំងនេះ ដែលមានតាំងលក់ នៅគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ។

៤៖ គ្រប់អង្គភាព សាលាខណ្ឌ និងសង្កាត់ ត្រូវផ្សព្វផ្សាយ ណែនាំ ដល់មន្រ្តីរាជការ និយោជិត កងកម្លាំង ក្រោមឱវាទ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យអនុវត្តន៍ តាមការណែនាំនេះ ឱ្យមានប្រសិទ្ធភាព។

៥៖ មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តារសមាគមចិន វៀតណាម ដើម្បីផ្សព្វផ្សាយ នូវខ្លឹមសារខាងលើ ឱ្យបានទូលំទូលាយ។

៦៖ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាការរដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និង បញ្ជាការរដ្ឋាន យោធភូមិភាគពិសេស ត្រូវចេញបទបញ្ជា ឱ្យបានម៉ឺងម៉ាត់ ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។

៧៖ ជនណាបំពាន លើសេចក្តីណែនាំនេះ ឬ ប្រព្រឹត្តល្មើស បង្ករឱ្យមាន ចលាចល ក្នុងសង្គម បាត់បង់ សណ្តាប់ធ្នាប់ សន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post