
រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍ដីចំនួន២០ ហិចតានៅបឹងតាមោក ដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីឆ្លើយតមតាមសំណើរបស់រដ្ឋបាលរាជធានីភ្នំពេញ និងចំណាររបស់សម្តេច ហ៊ុន សែន។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលក្រុងភ្នំពេញ បានមានប្រសាសន៍ថា៖ គម្រោងសាងសង់ផ្សារបន្លែនៅលើបឹងតាមោកមួយនេះ មានគោលបំណងបញ្ចៀសការកកស្ទះចរាចរណ៍ ខណៈមានប្រជាពលរដ្ឋជាច្រើនកំពុងលក់បន្លែ និងអាជីវកម្មនៅលើផ្លូវនៅផ្សារដើមគរនាពេលសព្វថ្ងៃនេះ។
សូមរំលឹកថាកញ្ញា មាស សុខសោភា តារាចម្រៀងដ៏ល្បីល្បាញមួយរូប ធ្លាប់បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ផ្ទាល់មាត់ថាឱ្យសម្តេចជួយរក្សាបឹងតាមោក កញ្ញាខ្លាចបឹងនេះគេលុបចោលទៀត។ កាលនោះ សម្តេចតេជោ បានឆ្លើយតបជាវិជ្ជមានថាសម្តេចមិនអនុញ្ញាតឱ្យលុបបឹងនេះតាមសំណើរបស់តារាចម្រៀងរូបនេះ។
បឹងតាមោកគឺជាបឹងធម្មជាតិដ៏ធំមួយដែល ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ ដែលសព្វថ្ងៃនេះត្រូវបានគេយកជាទីតាំងសម្រាប់បង្ហូរទឹកសម្អុយ និងជាទីរំដោះទឹកជំនន់ដែលតែងតែកើតមានឡើងនៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីបឹងធម្មជាតិធំៗ មួយចំនួនដែលឋិតនៅក្នុងរាជធានីភ្នំពេញត្រូវបានគេចាក់ដីលប់ ដើម្បីធ្វើការអភិវឌ្ឍ។ក្រោយពីបឹងធំៗទាំងនោះត្រូវបានលុប គេសង្កេតឃើញថាបញ្ហាទឹកជន់លេចទីក្រុង តែងកើតមានជាញឹកញាប់ ដែលបណ្តាលអោយមានផលប៉ះពាល់ជាច្រើនដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងជាតិទាំងមូលផង។
