header ads

Sponsor

កណ្ដាលៈ ប្តីប្រពន្ធមួយគូ បានធ្វើកិច្ចសន្យាលែងលះគ្នាបានរយៈជាង១ខែ ស្រាប់តែបុរសជាប្ដីមករករឿង ដោយកាន់ភ្លើងខ្លីមកភ្ជង់គំរាមសួររកប្លង់ដី តែប្រពន្ធមិនប្រាប់ រួចក៏​ចាប់ក្រៀកប្រពន្ធដាក់ក្នុងឡាន តែត្រូវប្រជាពលរដ្ឋក្បែរខាងជួយទាន់។

ហេតុការណ៍​ហិង្សាដោយចេតនាខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៣៖៣៥នាទីរសៀលថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

ជនបង្ក(ប្ដី)ឈ្មោះ ឆាយ សាលាភ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ ស្រ្តីរងគ្រោះ(ប្រពន្ធ) ឈ្មោះ នួន ដានី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ទីលំនៅភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ប្ដីប្រពន្ធ១គូនេះ​ បានព្រមព្រៀងធ្វើកិច្ចសន្យាលែងលះគ្នា នៅសាលាឃុំរកាខ្ពស់។ លុះនៅថ្ងៃទី៨ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង ៣៖៣៥នាទីរសៀល​ ឈ្មោះ ឆាយ សាលាភ (អតីតប្ដី)បានជិះរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រីស ពណ៌ទឹកប្រាក់ពីភ្នំពេញ មកផ្ទះឈ្មោះនួន ដានី (អតីតប្រពន្ធ) ស្ថិតក្នុងភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ ពេលមកដល់ឈ្មោះ ឆាយ សាលាភ បានសួរ ឈ្មោះ នួន ដានី រកប្លង់ផ្ទះ ដែលស្ថិតនៅបូរីចំការដូង ដើម្បីដាក់លក់ផ្ទះ នៅការិយាល័យបូរីចំការដូង ពេលជាមួយគ្នានោះ ឈ្មោះនួន ដានី មិនទៅតាម ទើបឈ្មោះ ឆាយ សាលាភ កាន់កាំភ្លើងខ្លីអាមេបញ្ចូលគ្រាប់ភ្ជង់ឈ្មោះនួន ដានី រួចចាប់ក្រៀក ដើម្បីអោយចូលរថយន្តរបស់ខ្លួន ទន្ទឹមនឹងនោះមានប្រជាពលរដ្ឋជាច្រើននាក់ បានឃាត់រថយន្ត ហើយដណ្តើមបានអាវុធពីឈ្មោះ ឆាយ សាលាភ និងជួយឈ្មោះ នួន ដានីចេញពីរថយន្តមកវិញ ។ ចំណែកឈ្មោះ ឆាយ សាលាភ បានរត់គេចខ្លួន ។

ក្រោយ​ពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រកាខ្ពស់ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុកស្អាង បានឃាត់ខ្លួន ឈ្មោះ ឆាយ សាលាភបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ឆាយ សាលាភ សារភាពថា ខ្លួនបានទិញអាវុធខ្លីនេះពីឈ្មោះ រាក់ ភេទប្រុស អាយុ១៤ឆ្នាំ តម្លៃ៣០$ នៅចំណុចវាលខ្សាច់ ចាក់អង្រែលើកាលពីឆ្នាំ២០១៦ ដើម្បីទុកនៅផ្ទះភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ និងបានជិះរថយន្ដ យកអាវុធខ្លីខាងលើភ្ជង់គំរាមឈ្មោះ នួន ដានី ពិតប្រាដកមែន។ ឈ្មោះឆាយ សាលាភ សារភាពបន្ថែមទៀតថា ខ្លួនពិតជាបានជក់គ្រឿងញៀនប្រភេទម៉ាទឹកកករយៈពេល៦ខែកន្លងមកហើយ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតកាំភ្លើងខ្លី១ដើម បង់១ មានគ្រាប់៤គ្រាប់ និងរថយន្ត១គ្រឿង ម៉ាកតូយូតា ព្រីស ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX- 4029។

នៅវេលាម៉ោង៤៖៥១នាទីរសៀលថ្ងៃដដែលនោះ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកណ្ដាល បញ្ជាឲ្យឃាត់ខ្លួនឈ្មោះឆាយ សាលាភ ដើម្បីបន្ដអនុវត្តន៍តាមនីតិវីធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post