
ព្រៃវែងៈ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន៤នាក់ បានស្លាប់ និងរបួសធ្ងន់ ក្រោយរថយន្តហ៊ីយ៉ិនដាយមួយគ្រឿង រេចង្កូតក្រឡាប់ផ្អៀងធ្លាក់ចូលចិញ្ចើមផ្លូវ ដោយអ្នកបើកបរងងុយដេក។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣៖៥នាទីទៀបភ្លឺថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ68-69 ស្ថិតក្នុងភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ខ្លួនឯងនោះម៉ាកហ៊ីយ៉ិនដាយ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ព្រះស៊ីហនុ 3A-0473 ធ្វើដំណើពីលិចទៅកើត ដល់កន្លែងកើតហេតុ អ្នកបើកបរងងុយដេក រេចង្កូតជ្រុលធ្លាក់ចូលចិញ្ចើមផ្លូវក្រឡាប់ផ្អៀង បណ្តាលឲ្យស្លាប់មនុស្ស ២នាក់ (ប្រុសម្នាក់) និងរបួសមនុស្ស ២នាក់(ប្រុស) រីឯអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ គេចខ្លួនបាត់។
ជនរងគ្រោះ ទី១ឈ្មោះ លី ណូ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍(ស្លាប់)។ ២ មិនទាន់ស្គាល់អត្តសញ្ញាណ រស់នៅភូមិព្រៃកណ្តៀង (ស្លាប់ )។ ៣ ឈ្មោះ សាំង កុសល ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង (រងរបួស)។ ៤ ឈ្មោះគក់ កូ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំ ព្រៃកណ្តៀង ( រងរបួស )។
ក្រោយកើតហេតុ អ្នករងរបួស ត្រូបានបញ្ជូនមកមន្ទីពេទ្យស្រុកពារាំង។ ចំណែកអ្នកស្លាប់សមត្ថកិច្ចកំពុងទាក់ទងឲ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រថយន្តសមត្ថកិច្ចទំនាក់ទំនងរករថយន្តស្ទូច មកស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕





