header ads

Sponsor

ភ្នំពេញៈ មន្ត្រីនគរបាលម្នាក់ ដែលវាយយុវសិស្សម្នាក់ ឲ្យ​រងរបួសធ្ងន់ ត្រូវបានលោក លាង សំណាត់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសា​លក្រម កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ តែអនុវត្តទោស១ឆ្នាំគត់ ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២០១៨ នៃក្រមព្រហ្មទណ្ឌ។ សាលក្រមនេះ ក៏បានបង្គាប់ឲ្យជនជាប់ចោទ សងសំណងដល់ជនរងគ្រោះឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ចំនួនមួយម៉ឺនដុល្លារផងដែរ។

ជនជាប់ចោទក្នុងសំណុំរឿងនេះ ឈ្មោះ សុន ពិសាល ឋានន្តរស័​ក្តិព្រឹន្ទបាលឯក នាយរងផ្នែកបន្ទប់ពិសោធន៍ នៃនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្រ្ត នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។ ជននេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០១៨។

គួររំឭកថា មន្ត្រីនគរបាលរូបនេះ និងបក្ខពួកមួយក្រុម មានខ្លះស្លៀកពាក់ជាឯកសណ្ឋានមន្រ្តីនគរបាលជាតិ និងខ្លះស៊ី​វិល បានចាប់យុវជនម្នាក់​ ដាក់ខ្នោះ និងវាយដំ រួចចាប់អូសឡើងលើម៉ូតូកង់បីដឹកយកទៅទម្លាក់ចោលនៅក្នុងក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយជនរងគ្រោះមានស្នាមរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះពេលនាំទៅដល់មន្ទីរពេទ្យ។

ក្រោយមក ក្រុមគ្រួសារជនរងគ្រោះ បានប្ដឹងពីករណីនេះ ទើបសមត្ថកិច្ចបានស្រាវជ្រាវរកឃើញជនដៃដល់ ហើយបានចាប់ខ្លួនបញ្ជូនមកតុលាការ ដើម្បីសម្រេចតាមច្បាប់។

ក្នុងសវនាការ ជនជាប់ចោទ បានសារភាពពីទង្វើអគតិរបស់ខ្លួន ទើបតុលាការបានសម្រេចផ្ដន្ទាទោស ប៉ុន្តែការអនុវត្តទណ្ឌកម្មរបស់ចៅក្រម លាង សំណាត់ អំពីបទហិង្សាមានស្ថានទម្ងន់ទោស ដោយឲ្យ​ជាប់ពន្ធនាគារត្រឹមមួយឆ្នាំ ហាក់ដូចជាយល់ចិត្តជនជាប់ចោទស៊ីជម្រៅពេកហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post