header ads

Sponsor

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួននារីម្នាក់ ពាក់ព័ន្ធករណីបង្កអំពើហិង្សាទៅលើជនរងគ្រោះ ដែលបម្រើការជាមួយគ្នា ដោយយកកូនកន្ត្រៃយ៍កាត់អំបោះមកឆូតមុខរបស់ជនរងគ្រោះ បណ្តាលឲ្យមានរបួស មកកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា នារីជាជនសង្ស័យឈ្មោះ ឌុន​ លី​ អាយុ២៥ឆ្នាំ មុខរបរ ​បម្រើ​ការនៅក្នុងខារ៉ាអូខេ (KTV) ស្នាក់នៅផ្ទះលេខ៨B ផ្លូវ២០0៤​ សង្កាត់​កាកាប ខណ្ឌពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ។ នាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃ២០ ខែមករា ឆ្នាំ២០១៩ នៅក្នុងហាងខេរ៉ាអូខេ​ “ឌីយ៉ាម៉ង់”​ ​ផ្លូវ២៧១ក្រុម​ ភូមិ១១ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយដកហូតកូនកន្ត្រៃយ៍១។ ចំណែក ជនរងគ្រោះឈ្មោះ កែវ ស្រីទូច ឆ្នាំកំណើត១៩៩៦ មុខរបរ បម្រើការងារនៅខារ៉ាអូខេ (KTV) ស្នាក់នៅផ្ទះជួល ផ្លូវលេ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនរង​គ្រោះ ​និងជនបង្ក ជាអ្នកធ្វើការជាមួយគ្នា ហើយមុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្កនៅក្នុង​បន្ទប់ផ្លាស់សំលៀកបំពាក់​ជាមួយគ្នា ហើយជនបង្កបាន​ឈ្លោះ​ប្រកែក​ជាមួយជនរងគ្រោះ រឿងដណ្តើមភ្ញៀវ ក៏បានវាយគ្នាដោយចាប់បោចសក់ ដោយជនបង្កមានកូនកន្ត្រៃ​យ៍ នៅនឹងដៃ ក៏បានចាក់មកលើជនរងគ្រោះ បណ្តាលឲ្យរបួសមុខ ថ្ពាល់ និងដៃ (របួសស្រាល)។

ក្រោយកើតហេតុ សមត្ថកិមូលដ្ឋានកិច្ចបានចុះទៅឃាត់ខ្លួនស្រ្តីជាជនបង្ក ដើម្បីធ្វើសួរនាំ និងកសាងសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post