header ads

Sponsor

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការរៀបត្រៀមក្បូនឲ្យលោក សម រង្ស៊ី ចូលមកស្រុកវិញរបស់ថ្នាក់ដឹកនាំបក្សប្រឆំាំង គឺជាការគោះទឹក បង្អើលត្រី និងចង់ស្ទង់កម្លាំង​អ្នកគាំទ្រខ្លួនតែប៉ុណ្ណោះ។

ការ​លើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះ បន្ទាប់ពីអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដោយ បានដាក់ចេញគោលការណ៍ជាយុទ្ធសាស្ត្រមួយចំនួនក្នុងត្រៀមឲ្យលោ សម រង្ស៊ី ចូលស្រុក ខ្មែរនៅពេលខាងមុខនេះ។

យ៉ាងណាក្តីការដាក់ចេញយុទ្ធសាស្ត្រនេះ ត្រូវបានលោក សុខ ឥសាន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២២ មករា យ៉ាងដូច្នេះថា «ខ្លឹមសារប្រជុំរបស់ដែលហៅថាថ្នាក់ដឹកនាំបក្សខ្មោច គ្រាន់តែជាការគោះទឹកបង្អើលត្រីបុណ្ណោះ។ ការប្រកាសពីការប្រជុំនេះអាចជាការវាស់ស្ទង់មើលប្រតិកម្មពីកម្លាំងមហាជន តើមានការគាំទ្រកម្រឹតណានេះជាការវាស់ស្ទង់ប៉ុណ្ណោះ តាមពិតទណ្ឌិត សម រង្សី មិនមកទេ»

អ្នកនាំពាក្យបានបន្តថា ជាទម្លាប់អតីតបក្សប្រឆាំងតែងតែដាក់ផែនការ ផែនការ ដែលមើលទៅដូចជាហ៊ឹកហ៊ាក់សម្បើមណាស់ តែនៅទីបំផុតទៅ គឺឃ្សុយអត់បានការ។ ឥឡូវនេះ មានផែនការទៀតហើយ ជាផែនការ ដែលមិនបានការ។ មិនបានការពីព្រោះគ្មានទណ្ឌិត សម រង្ស៊ី ណានឹងមកចូលកម្ពុជានោះទេ។

លោកបញ្ជាក់ថា «ទណ្ឌិត សម រង្ស៊ី ជាមនុស្សកំសាក ដែលមិនហ៊ានមកចូលប្រទេសកម្ពុជាឡើយ ទោះបីបានប្រកាសច្រើនដង ក៏ទណ្ឌិតរូបនេះមិនហ៊ានអើតក្បាលចូលមកស្រុកខ្មែរជាដាច់ខាត ដោយសារមានឧទាហរណ៍ច្រើនដងមកហើយ ជាភស្តុតាងស្រាប់»

ទាក់ទិននឹងការចូលស្រុករបស់អតីតមេបក្សប្រឆាំងនេះ ត្រូវបានអ្នកនាំពាក្យបក្សកាន់អំណាច បានអះអាងថា «រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរង់ចាំស្វាគមន៍ទណ្ឌិត សម រង្ស៊ី​ នៅពេលឃើញទណ្ឌិតរូបនេះមានមុខនៅកម្ពុជា។ ដូច្នេះដោយសារទណ្ឌិត សម រង្ស៊ី ជាមនុស្សកំសាកពិតជាមិនហ៊ានអើតក្បាលចូលមកកម្ពុជាឡើយ ដែលធ្វើឲ្យការ ដាក់ផែនការប្រែទៅជាផែនស្ករទៅវិញ»

ជាមួយគ្នានោះដែរ លោក សុខ សាន ក៏បានលើកឡើង​យ៉ាងដូច្នេះថា ផ្ទុយទៅវិញបើសិនជា សម រង្ស៊ី មកមែននោះ អាចនឹងមានអ្នកមួយចំនួនទៅគាំទ្រទទួលដែរ តែយ៉ាងណាសមត្ថកិច្ចនឹងមានវិធានការណ៍តាមដីកាចាប់ខ្លួន ដែលនៅជាធរមាន ហើយកម្លាំងគាំទ្រCPP នឹងអាចចេញ ដើម្បីទប់ទល់បើសិនជាមានអំពើអនាធិបតេយ្យកើតឡើង។

តែយ៉ាងណាកម្លាំង​គាំទ្រ សម រង្ស៊ី មិនច្រើនដូចលើកមុនទេ សមត្ថកិច្ចអាចគ្រប់គ្រងបាន។ សមត្ថកិច្ចលោកមានពិសោធន៍ ហើយមិនអាចបណ្តែតបណ្តោយឲ្យមានទំហំ​ធំទេ គឺប្រាកដជាមាន១ដាក់១ មាន២ដាក់២ហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post