
កំពង់ស្ពឺៈ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់បណ្ណាល័យសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ចំការដូង នៅឃុំចាន់សែន ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
នៅក្នុងឱកាសសំណេះសំណាលនាពេលនោះលោក ហ៊ុន ម៉ានី បានថ្លែងសារជាគន្លឹះថា «សម្តេចតេជោ ជានាយករដ្ឋមន្ត្រីកើតចេញពីកូនកសិករនេសាទ មិនមែនកើតមកជានាយករដ្ឋមន្ត្រីទេ។ ជាក្មេងវត្តដើម្បីបន្តការសិក្សារបស់ខ្លួន ជានាយករដ្ឋមន្ត្រីមួយមិនមែនចេះតែពាក់អាវធំទេ តែធ្លាប់ឆ្លងកាត់១០៥សមរភូមិ បាត់បង់កូន១ បាត់បង់កែវភ្នែក១ចំហៀង។ សម្តេចតេជោមិនមែនជានាយករដ្ឋមន្ត្រីដែលនៅក្នុងប៊ុយរ៉ូ(ការិយាល័យ) ហើយអត់យល់ពីភូមិសាស្ត្រ អត់យល់ពីប្រវត្តិសាស្ត្រ អត់យល់ពីការលំបាករបស់ប្រជាជននោះទេ»។
លោកបានថ្លែងបន្តទៀតថា « ខ្ញុំចង់ឃើញប្អូនៗមានជោគជ័យក្នុងជីវិត ចង់ឃើញប្អូនៗមានសមត្ថភាពគ្រប់គ្រាន់ ចង់ឃើញប្អូនដែលជាអនាគតរបស់ប្រទេសកម្ពុជាយើង មានសមត្ថភាព មានភាពចាស់ទុំ ហើយឈានទៅទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិ » ។
អ្នកតំណាងរាស្ត្របានបន្ថែមថា «យើងមិនអាចអោយជោគ វាសនាប្រទេសជាតិធ្លាក់ទៅលើអ្នកដែលគ្រាន់តែេចះជាការគិតគូរ តែមិនចេះការអនុវត្ត អត់មានភាពទទួលខុសត្រូវនោះទេ។ ជោគ វាសនារបស់ប្រទេសជាតិសំខាន់ណាស់ ដែលមិនអាចធ្លាក់ទៅលើភាពលេងសើច រឺ ជាការគិតគូរគ្រាន់តែមួយជ្រុងបានទេ»៕













