header ads

Sponsor

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យក្រុមហ៊ុនចិន បើកការដ្ឋានសាងសង់ឲ្យ បានឆាប់នូវគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ខណៈគម្រោងនេះត្រូវ បានធ្វើការដោះស្រាយ រួចរាល់ជាស្ថាពរ។

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៩០,៦៣គីឡូម៉ែត្រ ទំហំទទឹង២៤ម៉ែត្រ ជាផ្លូវ៤គន្លង ក្រាលកៅស៊ូAC មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស មានទីតាំងឈប់សម្រាក មានរបងបាំងសងខាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំណង់ សេវាគាំទ្រជាច្រើនទៀត ដូចជាស្ពានវែង និងមធ្យមចំនួន៥កន្លែង, ស្ពានខ្លី៣៣កន្លែង, ស្ពានរំលង ឬផ្លោះផ្លូវ៣២១កន្លែង និងមានកន្លែងឈប់សម្រាកចំនួន៣កន្លែង ដូច្នេះ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានចំណាយថវិកាសរុប ១.៧៨២លានដុល្លារ។

ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនវិនិយោគសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Comrporation CRBC) នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំណែនាំឲ្យក្រុមហ៊ុន បើកការដ្ឋានសាងសង់ឲ្យ បានឆាប់នូវគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ដែលយើងបានធ្វើការដោះស្រាយ រួចរាល់មកហើយនោះ។ ទី២ ពាក់ព័ន្ធផ្លូវដែលត្រូវតភ្ជាប់ ចេញពីរាជធានីភ្នំពេញ ភ្ជាប់ជាមួយនិងផ្លូវល្បឿនលឿន គឺយើង ត្រូវសិក្សាជាបន្ទាន់ ដើម្បីសាងសង់តភ្ជាប់”។

ដោយឡែក ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត សម្តេចតេជោ បញ្ជាក់ថា ក្រុមហ៊ុនចិនត្រូវតែសិក្សា និងជជែកគ្នាបន្ថែមជាមួយនឹងស្ថាប័នពាក់ព័ន្ធ ដោយសារមានក្រុមហ៊ុន ជាច្រើនបានសិក្សារួមមកហើយ។

ចំណែក ក្រុមហ៊ុនវិនិយោគ សាជីវកម្មស្ពាន និងថ្នល់ចិន បានឲ្យដឹងថា បច្ចុប្បន្នភាពនៃគម្រោង វិនិយោគរបស់ខ្លួននៅកម្ពុជានិង ផែនការសម្រាប់អនុវត្តន៍នៅពេលខាងមុខ ដែលកន្លងមកក្រុមហ៊ុនវិនិយោគ សាជីវកម្មស្ពាន និងថ្នល់ចិន បានរួមចំណែកសាងសង់ផ្លូវ និងស្ពាន ជាច្រើននៅកម្ពុជា ហើយសម្រាប់ពេលខាងមុខ ក្រុមហ៊ុននិងសាងសង់ផ្លូវល្បឿនលឿនពី ភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងបើកការដ្ឋាន សាងសង់ក្នុងពេលដ៏ខ្លីខាងមុខ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏មានគម្រោង សាងសង់ផ្លូវល្បឿនលឿនពី ភ្នំពេញទៅកាន់ព្រំដែន កម្ពុជា-វៀតណាម បាវិត ការស្ថាបនាផ្លូវលេខ១៥-៥១ ដែលតភ្ជាប់ខេត្តកោះកុង ពោធិសាត់ និងខេត្តបាត់ដំបង។

សូមរំលឹកថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គ្រោងចាប់ផ្ដើមនៅឆ្នាំ២០១៩ និងបញ្ចប់នៅឆ្នាំ២០២៣ ខាងមុខនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post