ភ្នំពេញៈ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ប្រវែង១៩០,៦៣ គីឡូម៉ែត្រ ត្រូវបានលោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងទីប្រឹក្សា បច្ចេកទេសក្រុមហ៊ុន MINCONSULT SDN BHD ចុះហត្ថលេខាលើកិច្ចសន្យាដើម្បីធានាគុណភាពប្រើប្រាស់យូរអង្វែងស្របតាម បទដ្ឋានស្តង់ដារបច្ចេកទេសអន្តរជាតិ ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថាពិធីចុះហត្ថលេខានេះ ធ្វើឡើងដើម្បីជំរុញឲ្យក្រុមហ៊ុនប្រឹក្សាបច្ចេកទេសគ្រប់គ្រង និងពិនិត្យតាមដាន ដោយយកចិត្តទុកដាក់ខ្ពស់លើការងារសាងសង់ សំដៅធានាបាននូវគុណភាពស្របតាមបទដ្ឋាន ស្តង់ដារបច្ចេកទេសអន្តរជាតិ ពោលគឺផ្លូវមានភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរ។
សូមរំលឹកថា ផ្លូវល្បឿនលឿននេះគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ ដោយសាងសង់ជាបួនគន្លង (២គន្លងទៅ ២គន្លងមក ខណ្ឌដោយសួរច្បារកណ្ដាលទ្រូងផ្លូវ) មានប្រវែងសរុបចំនួន ១៩០,៦៣ គីឡូម៉ែត្រ ទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC ជាផ្លូវថ្មីទាំងស្រុង និងមានរបងបាំងសងខាងផ្លូវដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យយបានខ្ពស់បំផុត៕






