header ads

Sponsor

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយរថយន្តស៊េរីទំនើប មួយគ្រឿង ម៉ាក Ferrari តម្លៃកប់ពពក បើកបរដោយជនជាតិចិន ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ លាន់ដូចរន្ទះ​ បណ្ដាលឲ្យបាក់អស់ចំនួន៤ផ្ទាំង ដួលទៅលើផ្លូវម្ខាងទៀត ដាច់កមុខខាងឆ្វេង ហើយរថយន្តមិនទាន់អស់ល្បឿន បានរេចង្កូតទៅបុកចូលកន្លែងអាំងសាច់ហាងបង្កងនាគ បោកនឹងផ្ទាំងស្លាកប៉ាណូផ្ទប់ជាប់នឹងដើមឈើ បណ្តាលឲ្យរងការខូចខាត តែ​ មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ បន្តិចក្រោយមក​ស្រាប់តែមានបុរសម្នាក់បើករថយន្ត​ CAMRY ខ្វះការប្រុងប្រយត្ន័​ ក៏ជ្រុលទៅបុករបាំងថ្មដែលដួលនៅលើថ្នល់នោះ បណ្ដាលឲ្យដាច់​កាឡេកង់ខាងឆ្វេង បើកទៅមុខលែងរួច​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះបានកើតឡើងកាលពីវេលាម៉ោង០៣:៤០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃអង្គារ៍​ ទី០១​ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខហាង​បង្កងនាគ លើកំណាត់ផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ភ្នាក់ងារ​ខេមប៉ុស្តិ៍​​ បានដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តមួយគ្រឿង​ ម៉ាក Ferrari ស៊េរីទំនើប តម្លៃកប់ពពក​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ​ 2AM-3333 បើកបរដោយបុរសជនជាតិចិន មានគ្នាពីរទៅបីនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនយ៉ាងលឿន​ លុះមកជិតដល់ចំណុចកើតហេតុ បាន​វ៉ាក់អឺ​នឹងកង់បីមួយគ្រឿងទៀត ដែលបម្រុងបត់ត្រលប់ក្រោយ ទើបរថយន្ត Ferrari កាច់ចង្កូតគេច​ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតអស់៤ផ្ទាំង​ ដួលទៅលើផ្លូវម្ខាងទៀត​ បណ្ដាលឲ្យដាច់កង់មុខខាងឆ្វេង ហើយរថយន្តនៅមិនទាន់អស់ល្បឿន បានរេចង្កូតទៅបុកចូលកន្លែងអាំងសាច់មុខហាងបង្កងនាគ ខ្ទាតបើងខ្ទាតពេញដី រីឯរថយន្តបានជ្រុលទៅបុកផ្ទាំងស្លាកប៉ាណូផ្ទប់ជាប់នឹងដើមឈើ បណ្តាលឲ្យរងការខូចខាត​ និងផ្ទុះពោងសុវត្ថិភាពទាំង២ផងដែរ​ តែសំណាងល្អ​ មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ។

សាក្សីបន្តថា​ បន្តិចក្រោយមកស្រាប់តែមានរថយន្ត CAMRY ពណ៌ទឹកមាស មួយគ្រឿងទៀត​ ពាក់ស្លាកលេខ ភ្នំពេញ​ 2G-6254 បើកបរដោយបុរសម្នាក់ ដែលស្រវឹងស្រាស្រឿងៗ បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ បានទៅបុករបាំងថ្មដួលកណ្តាលផ្លូវនោះ បណ្ដាលឲ្យរថយន្តដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងផងដែរ ចំណែកឯម្ចាស់រថយន្តមិនមានរងរបួសនោះទេ។

បច្ចុប្បន្នក្រោយពេលកើតហេតុគេឃើញមានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានចុះមកដល់កន្លែងកើតហេតុ​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះមកពិនិត្យមើលជាក់ស្ដែង​ រួចរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក្រុង ឲ្យចុះធ្វើការវាស់វែង​ និងហៅរថយន្តមកស្ទួចយករថយន្ត Ferrari ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីដោះស្រាយសងការខូចខាតសម្បត្តិរដ្ឋតាមផ្លូវច្បាប់ផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post