
ភ្នំពេញៈ ម៉ូតូធំ FZ និងម៉ូតូ ViVA ព្រលះគ្នាពេញទំហឹង បណ្ដាលឲ្យភាគីទាំងសងខាង រងរបួសធ្ងន់ធ្ងរដូខគ្នា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១១៖២៥នាទីយប់ ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខច្រកចូលផ្សារក្រមួន ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ទំនងជាស្រវឹងស្រា បានជិះម៉ូតូ VIVA មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ នគរបាល 1-5560 ធ្វើដំណើរចេញពីច្រកចេញចូលផ្សារក្រមួន រួចឡើងមកផ្លូវជាតិលេខ២ រួចឆ្លងបញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមានម៉ូតូធំមួយគ្រឿងទៀត ម៉ាក Honda FZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DB-3517 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿនដូចគ្នា បានទៅបុកគ្នាចំពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំងពីរគ្រឿង បានផ្លោងបោកទៅនឹងថ្នល់ រងរបួសបែកក្បាលហូរឈាមទាំងសងខាង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ រត់ចេញមកមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចទាក់ទងរថយន្តសង្គ្រោះមកដឹកយកអ្នករបួសទៅសង្គ្រោះផង។ បន្តិចក្រោយមកគេឃើញរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់ បានចុះមកដឹកយកជនរងគ្រោះទាំងពីរនាក់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម និងសមត្ថកិច្ចផ្នែកវាស់វែងខណ្ឌមានជ័យ បានទាក់ទងទៅកាន់សាច់ញាតិរបស់ជនរងគ្រោះម្ចាស់ម៉ូតូ VIVA បន្តិចក្រោយមកក៏មានស្ត្រីជាប្រពន្ធរបស់ម្ចាស់ម៉ូតូ VIVA បានមកដល់កន្លែងកើតហេតុ រួចសមត្ថកិច្ចបានប្រគល់ទូរស័ព្ទរបស់ជនរងគ្រោះ ទៅឲ្យស្ត្រីដែលជាប្រពន្ធជនរងគ្រោះយកទៅរក្សាទុកវិញ រួចធ្វើការវាស់វែង និងយកម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយទៀត៕



