តាកែវៈ រថយន្តឡិចស៊ីសសេរីទំនើបមួយគ្រឿង បើកបុកវិមានឯករាជ្យទាំងកំរោល បណ្ដាលឲ្យក្រឡាប់ផ្ញារជើង និងធ្វើឲ្យម្ចាស់ រងរបួសយ៉ាងដំណំ។
គ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបុកខឿនវិមានឯករាជ្យខេត្តតាកែវនេះ បានកើតឡើងនៅម៉ោង១រំលងអធ្រាត្រថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៧៧-៧៨ ស្ថិតនៅភូមិ០៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
តាមការឲ្យដឹងពីសមត្ថកិច្ចជំនាញក្រុងដូនកែវប្រាប់ថា រថយន្តបង្កម៉ាកឡិចស៊ីស RX330 គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហេង សៅបុរី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអ្នកលក់ដូរ រងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ឈ្មោះ ស៊ឹម សុឃុន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរអ្នកលក់ដូរ រងរបួសស្រាល អ្នកទាំងពីរនាក់ រស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញក្រុងដូនកែវ បានចុះធ្វើកំណត់ហេតុ និងយករថយន្តបង្កមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕