
ភ្នំពេញៈ មានករណីហិង្សាមួយបានកើតឡើង រវាងបុរសជនជាតិចិនម្នាក់ និងក្រុមភេទទីបីចំនួន៣នាក់ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២៖០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខខុនដូរ “ថាឡឹនស្តាយ” ផ្ទះលេខ៣៧ តាមបណ្ដោយផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសម្ដីភេទទី៣ម្នាក់ ក្នុងចំណោមភេទទីបីទាំង៣នាក់ ដែលត្រូវសន្តិសុខទះមួយកំផ្លៀង មានឈ្មោះ អូន ផ្លយ អាយុប្រហែល៣០ឆ្នាំ និងម្នាក់ទៀតឈ្មោះ អន ស្រីមិច អាយុប្រហែល៣០ឆ្នាំដូចគ្នា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គឺមានបុរសជនជាតិចិនម្នាក់ បានឆាតតាម WeChat សុំដេកជាមួយ ដោយឲ្យតម្លៃ២០០ដុល្លារ ហើយយកនារីផ្សេងឲ្យបាន២ទៅ៣នាក់ មកខុនដូរកន្លែងកើតហេតុ ដោយបានប្រាប់ Location ត្រឹមត្រូវរួចហើយ។ តែពេលមកដល់ខុនដូរ បុរសជនជាតិចិននោះ មិនព្រមនាំនាងឡើងទៅខុនដូរទេ ព្រោះទើបតែដឹងថាជាភេទទី៣ ហើយក៏ហុចលុយឲ្យពួកនាងតែ៥ដុល្លារប៉ុណ្ណោះ ព្រោះថាមិនបានធ្វើអ្វីទាំងអស់ ទើបពួកនាងមិនសុខចិត្ត ព្រោះជិះរថយន្តតាក់ស៊ីមក អស់ជិត២០ដុល្លារទៅហើយ។
ទើបជជែកគ្នាតឹងសសៃក ព្រោះខាងចិននោះ មានសន្តិសុខមកជួយឈ្លោះថែមទៀត រហូតប្រតាយប្រតប់គ្នា សន្តិសុខនោះក៏ទះនារីភេទទីបី មួយកំផ្លៀង ទើបធ្វើឲ្យនារីភេទទីបីនោះ បានយកដុំថ្មគប់កម្ទេចរថយន្ត១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AV-6528 បណ្ដាលឲ្យបែកកញ្ចក់មុខ និងកញ្ចក់ចំហៀង (សង្ស័យរបស់ចិនម្នាក់នោះ) ទើបបង្កឲ្យមានការភ្ញាក់ដល់កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹក ចុះមកសួរនាំតែម្ដង។
ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋានមកដល់ ដោយក្រុមភេទទីបី បានដាក់ពាក្យប្តឹង សន្តិសុខវិញថា បានបង្កហិង្សាមកលើពួកគេ ហើយជនជាតិចិននោះ ក៏មិនបានមកប៉ុស្តិ៍ដើម្បី ប្តឹងផ្តល់ក្រុមភេទទីបីនេះទៀត ទើបសមត្ថកិច្ចសម្រេច បញ្ចប់រឿងនេះត្រឹមនេះតែម្តង៕



















