header ads

Sponsor

(ស្វាយរៀង)៖ ក្រោមអធិបភាពលោក អុិត សុត្ថា អនុរដ្ឋលេខាធិការ តំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត  បានអញ្ជើញជាអធិបតីក្នុង សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ និងមានការចូលរួមពី លោក លោកស្រីប្រធានមន្ទីរ អភិបាលក្រុង-ស្រុក និងតំណាងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ។
លោក អុិត សុត្ថា បានមានប្រសាសន៍ថា៖ ក្នុងឆ្នាំ2018 កន្លងមកនេះ ដែលជាឆ្នាំចុងក្រោយនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី3 ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់ផ្នែក គ្រប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្វាយរៀង សុទ្ធតែបានខិតខំយកចិត្តទុកដាក់អនុវត្តតាមកម្មវិធីដែលបានលើកឡើងនូវយុទ្ធសាស្ត្រនេះ ទៅតាមជំនាញនីមួយៗរបស់ខ្លួន ដោយសម្រេចបានលទ្ធផលជាក់ស្តែងលើគម្រោង និងការដ្ឋានជាច្រើន លទ្ធផលទាំងនេះត្រូវបានចងក្រងក្នុងរបាយការណ៍ និងបានឆ្លងកាត់ការពិភាក្សាប្រកបដោយនសិការខ្ពស់ ។
លោក អុិត សុត្ថា បានបន្តទៀតថា៖ ក្នុងឆ្នាំ2018នេះដែររាជរដ្ឋាភិបាលនីតិកាលទី6 នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចតេជោហ៊ុន សែន បានដាក់នៅចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី 4 ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ដែលផ្ដោតសំខាន់លើការបន្តនៅកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ដោយអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសគឺផ្ដោតទៅលើអភិបាលកិច្ចល្អ លើការផ្ដល់សេវាសាធារណៈ ធ្វើអោយបាន ធ្វើឲ្យលឿនធ្វើឲ្យមានតម្លាភាព ជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធភាពខ្ពស់បំផុត ។
លោកក៏បានបញ្ជាក់ផងដែរថា៖ លទ្ធផលដែលមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀងសម្រេចបានរួមមាន៖ ១ ការងាររដ្ឋបាលដីធ្លី, ២ ការងាររៀបចដែនដី និងនគរូបនីយកម្ម, ៣ ការងារសំណង់ ។
ហើយដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ លោកក៏សូមស្នើឲ្យមន្ទីរ យកចិត្តទុកដាក់អនុវត្តតាមផែនការសកម្មភាពនានាដែលក្រសួងបានលើកឡើង នៅក្នុងខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មាន របស់អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2018 និងលើកទិសដៅការងារឆ្នាំ2019 នាថ្ងៃទី24 ខែធ្នូ ឆ្នាំ2018 ដោយស្មារតីទទួលខុសត្រូវ និងមសិការវិជ្ជាជីវៈផងដែរ ។
នៅក្នុងឱកាសនោះផងដែរ លោក ហែម ពិសិដ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ទន្ទឹមនឹងលទ្ធផលដែលបានសម្រេចបាន របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត ត្រូវខិតខំអនុវត្តអោយបានសំរេចនូវទិសដៅការងារទាំងឡាយណាដែលបានលើកឡើង និងត្រូវយកចិត្តទុកដាក់ដូចខាងក្រោម៖
១- ត្រូវខិតខំយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លើវិស័យដីធ្លី និងសំណង់ ជាពិសេសអនុវត្តតាមអភិក្រមរបស់សម្ដេចនាយករដ្ឋមន្ត្រី(ធ្វើឲ្យបាន,ធ្វើឲ្យលឿន,ធ្វើឲ្យមានតម្លាភាព)។
២- ខិតខំសម្រេចឲ្យបានតាមផែនការក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធឲ្យបានទូទាំងខេត្តនាពេលខាងមុខ។
៣- មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង និងគ្រប់ការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលទាំងអស់ត្រូវធ្វើជាសេនាធិការក្នុងគណៈកម្មាធិការសុរិយោដីថ្នាក់ក្រោមជាតិ នឹងត្រូវបន្តសហការល្អជាមួយអាជ្ញាធរខេត្ត អាជ្ញាធរក្រុង-ស្រុក ក្នុងការទទួលពិនិត្យនិងដោះស្រាយបាតុភាពវិវាទដីធ្លី។
៤- ត្រូវបន្តជួយគាំទ្របច្ចេកទេសលើផ្នែកការប្រើប្រាស់ដីដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីជាមូលដ្ឋានក្នុងការកសាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់។
៥- ត្រូវសហការជាមួយអាជ្ញាធរដែនដីទប់ស្កាត់ការរុះរើសំណង់ខុសច្បាប់ ដែលរំលោភលើដីសាធារណៈរបស់រដ្ឋ សាងសង់គ្មានច្បាប់អនុញ្ញាត និងសាងសង់ខុសប្លង់អនុញ្ញាត។
៦- ត្រូវសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ពិនិត្យទីតាំងដីជាក់ស្តែងសម្រាប់គោលដៅសម្បទានដីសង្គមកិច្ច និងទប់ស្កាត់ឲ្យបាន ការទន្ទ្រានយកដីរដ្ឋផងដែរ ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post