header ads

Sponsor

ភ្នំពេញៈ ក្រោយពីអាជ្ញាធរខេត្តព្រះសីហនុ ប្រើប្រាស់កងទ័ព ដើម្បីអនុវត្តសាលដីកាតុលាការ ក្នុងវិវាទដីធ្លី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកជាថ្មីម្ដងទៀតថា ការដោះស្រាយទំនាស់នៅតាមមូលដ្ឋានត្រូវបញ្ចៀសនូវការប្រើអំពើហិង្សា ពីសំណាក់កម្លាំងប្រដាប់អាវុធ ចំពោះប្រជាពលរដ្ឋ និងត្រូវចៀសវាងដាច់ខាត ចំពោះការប្រើកម្លាំងកងទ័ព មកអនុវត្តសាលដីកាតុលាការ។

សម្ដេចលើកឡើងបែបនេះ រដ្ឋបាលខេត្តព្រះសីហនុប្រើប្រាស់ កម្លាំងសមត្ថកិច្ចចម្រុះ ជាពិសេសមានទាំងទាហានតែម្ដង បាញ់គ្រាប់កាំភ្លើងបង្ក្រាប និងចាប់ខ្លួនពលរដ្ឋចំនួន៦នាក់ ដែលតវ៉ាចំពោះការ ចុះអនុវត្តសាលដីកាតុលាការកំពូល លើដីវិវាទដីមួយកន្លែង នៅទីតាំងក្បែរវត្តអូរត្រេះ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា កន្លងទៅ។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេច ស ខេង មានប្រសាសន៍ថា “អំពីវិធានការដោះស្រាយ ទំនាស់នៅតាមមូលដ្ឋាន ដោយបញ្ចៀស នូវការប្រើអំពើហិង្សា ពីសំណាក់កម្លាំងអាជ្ញាធរ និងត្រូវចៀសវាងដាច់ខាតតែម្ដង ការប្រើកម្លាំងកងទ័ព មកអនុវត្តដីការតុលាការ ឬដោះស្រាយបញ្ហាវិវាទណាមួយ”។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា ការធ្វើកំណែទម្រង់ស្ថាប័ន និងអង្គភាពរដ្ឋ ដែលសម្ដេចសំដៅដល់ការគ្រប់គ្រង និងចាត់ចែងមន្រ្តី ឲ្យបំពេញការងារ ត្រូវទៅតាមជំនាញ និងចំណេះដឹង ចៀសវាងការតែងតាំង ឬប្រគល់តួនាទីការងារ ឲ្យទៅមន្រ្តីដែលចេះតែប្រើលុយ តែគ្មានជំនាញ និងចំណេះដឹងត្រូវនឹងការងារនោះ។ សម្ដេចថា នេះគឺជាយុត្តិធម៌ នៅក្នុងស្ថាប័ន និងអង្គភាពសាធារណៈ។

ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ រដ្ឋមន្ដ្រីមហាផ្ទៃ បន្ថែមថា ការផ្ទេរសិទ្ធិ អំណាច ធនធាន ការទទួលខុសត្រូវពីរដ្ឋបាលថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាត គឺជាកិច្ចការអាទិភាពមួយ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២០ ហើយរាជរដ្ឋាភិបាល នឹងដាក់កិច្ចការអាទិភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តធ្វើកំណែទម្រង់ រដ្ឋបាលសាធារណៈ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បានរំលឹកឡើងវិញ នូវប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា កម្ពុជាត្រូវតែផ្ដោត លើការពង្រីកទំនាក់ទំនងខាងក្រៅ និងពង្រឹងកំណែទម្រង់ផ្ទៃក្នុង ដែលមានន័យថា យើងត្រូវតែបន្តពង្រីក កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ទាំងវិស័យការទូតនិងពាណិជ្ជកម្ម ហើយជាមួយគ្នានេះត្រូវកែទម្រង់ផ្ទៃក្នុង ដើម្បីដោះស្រាយ បញ្ហាប្រឈមនានា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post