header ads

Sponsor

ភ្នំពេញៈ ថ្លែងចំពោះមុខកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា បានត្រៀមថវិកាចំនួន២ពាន់លានរៀល ស្មើនឹង៥០ម៉ឺនដុល្លាររួចរាល់ ដើម្បីបង្កើតមេធាវី “តេជោហ៊ុន” សម្រាប់ការពារក្ដីឲ្យស្ដ្រីក្រីក្រនៅកម្ពុជា រាប់ទាំងកម្មការិនីរោងចក្រផងដែរ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ខេត្តកណ្តាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេចតេជោ បានថ្លែងថា សម្តេចមានគោលនយោបាយជាក់លាក់ ដើម្បីដាក់ចេញការពារស្ដ្រី តាមរយៈការបង្កើតក្រុមមេធាវីជួយពួកគេដោយមិនបង់ថ្លៃ គឺសម្ដេចជាអ្នកបង់ជំនួស។

សម្ដេចតេជោ បានឲ្យដឹងទៀតថា “រកបានថវិកាចំនួន២ពាន់លានរៀលហើយ ស្មើនឹង៥០ម៉ឺនដុល្លារ ត្រៀមក្នុងដៃ ដើម្បីចេញដំណើរមេធាវីរបស់ខ្ញុំ។ ប៉ុន្ដែខ្ញុំកំពុងតែឲ្យឯកឧត្តម គី តិច ដែលជាប្រធានមេធាវីរបស់រាជរដ្ឋាភិបាលជួយរៀបចំឲ្យខ្ញុំ ។ នេះមិនមែនជាថវិការបស់រាជរដ្ឋាភិបាលទេ គឺជាថវិការបស់ខ្ញុំដែលប្រមូលគ្នា ដើម្បីរៀបចំឲ្យមានក្រុមមេធាវីរបស់តេជោសែន មួយសម្រាប់ការពារកូនក្ដីឲ្យស្ដ្រីក្រីក្រ”។

សម្ដេចបន្ដថា ក្រុមមេធាវីការពារក្តីនេះ មានសមាជិកជាង៥០នាក់ រួមទាំងក្បាលម៉ាស៊ីនប្រធាន១នាក់ និងអនុប្រធាន៤នាក់ ដូច្នេះក្នុង១ខេត្តមានមេធាវីចំនួន២នាក់។ សម្ដេចថា សព្វថ្ងៃមានស្ដ្រីជាប់ពន្ធធនាគារ កំពុងតែខ្វះខាតមេធាវីការពារក្ដី។ ចំពោះមេធាវីនេះ សម្ដេចតេជោ បានប្ដេជ្ញាចិត្តធ្វើរឿងនេះឲ្យចេញក្នុងពេលឆាប់ៗខាងមុខ។ សម្ដេចក៏បានអំពាវនាវឲ្យកម្មការិនី ពេលជួបបញ្ហាត្រូវទៅរកមេធាវីរបស់សម្ដេច ដើម្បីយកមកការពាររឿងក្ដី។

ជាមួយគ្នានេះ សម្តេចក៏បានឲ្យភរិយា លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងភរិយារបស់អង្គរក្សសម្តេចម្នាក់ ធ្វើជាមេធាវីក្នុងក្រុមនេះផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post