header ads

Sponsor

ភ្នំពេញៈ នាពេលបច្ចុប្បន្ននេះ អភិបាលរាជធានីភ្នំពេញ ​បានជំរុញឲ្យអភិបាលខណ្ឌទាំង១២​ ត្រូវចុះមើលផ្លូវជង្លុកសម្បុក​មាន់ និងចាប់ផ្តើមជួសជុល ដើម្បីទប់ស្កាត់ការខូចខាតធ្ងន់ធ្ងរជាបន្តទៀត​ ហើយនិងចុះណែនាំក្រុមអាជីវកលក់ដូរតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំ ក្នុងមូលដ្ឋានទាំង១២ខណ្ឌ មិនឲ្យលើស១ភាគ៣ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ តែផ្ទុយទៅវិញ លោក ឯក ឃុនឌឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក មិនយកចិត្តទុកដាក់ពីសេចក្ដីណែនាំ ស្តីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ របស់អភិបាលរាជធានីឡើយ។

ជាក់ស្ដែង មុខមហោស្រពចេនឡា នៅមូលដ្ឋានសង្កាត់ផ្សារដើមគខណ្ឌទួលគោក រាជធានីភ្នំពេញ បងប្អូនអ្នករត់តាក់ស៊ី បានចតរថយន្តនៅកន្លែងហាមឃាត់ និងចតលើចិញ្ជើមផ្លូវលើសពី១ភាគ៣ ធ្វើជាចំណតរបស់រថយន្ត ដែលផ្ទុយពីសេចក្ដីណែនាំរបស់សាលារាជធានី អនុញ្ញាត និងសម្រាប់អ្នកថ្មើរជើង ជនពិការ ធ្វើដំណើរ។ ហើយអ្វីដែលពិសេសទៀតនោះ បងប្អូនអ្នករត់តាក់ស៊ីបានរត់ដេញចាប់ម៉ូយប្រសេកប្រសាចពេញផ្លូវតែម្ដង។

ពាក់ព័ន្ធបញ្ហានេះ លោក ឯក ឃុនឌឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាក់មកក្រុមការងារ កម្មវិធីតាមផ្លូវអោយដឹងថា គាត់នឹងធ្វើការណែនាំ។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងបញ្ហាសណ្ដាប់ធ្នាប់ តាមដងផ្លូវនិងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ក្រុមការងារយើងសង្កេតឃើញថា តាមបណ្ដាខណ្ឌផ្សេងៗ មានសកម្មភាពចុះរៀបចំតាមសេចក្ដីណែនាំរបស់សាលារាជធានី តែក្រលេកមកមើលមូលដ្ឋានខណ្ឌទួលគោកវិញ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក ក៏ចុះរៀបចំដែរ តែឃើញចុះរៀបចំតែកន្លែងដដែលៗ ដូចជាផ្លូវ២៣០ និងមហាវិថីម៉ៅសេទុងជាដើម ដោយឡែក ចំណុចមុខមហោស្រពចេនឡា លោកអភិបាលហាក់បីមិនខ្វល់ពីសេចក្ដីណែនាំរបស់សាលារាជធានីឡើយ។

គួរំលឹកផងដែរ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឲ្យមានប្រសិទ្ធភាព។ ក្នុងកិច្ចប្រជុំ លោក ឃួង ស្រេង បានថ្លែងថា ក្រោយពីដាក់ចេញនូវសេចក្តីណែនាំលេខ 007/17 សណនចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការដោះស្រាយចរាចរ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ក្នុងនោះផ្លូវសំខាន់ចំនួន១១ខ្សែ ដើម្បីធ្វើជាគំរូសម្រាប់អនុវត្តវិធានការរួម។

រដ្ឋបាលរាជធានីភ្នំពេញកត់សម្គាល់ឃើញថា មានប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ និងភាគីពាក់ព័ន្ធទាំងអស់ បានយល់ដឹងអំពីព្រំដែន នៃកម្មសិទ្ធិ និងជាប្រយោជន៍សាធារណៈ ដោយបានកែប្រែទម្លាប់ និងឥរិយាបទនៃការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ហើយបានចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ គឺបានទទួលការគាំទ្រពីមហាជនដ៏ច្រើនលើសលប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post