header ads

Sponsor

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្ដីបន្ទោសរដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តក្រចេះ រឿងជម្លោះដីធ្លី ដែលបានបង្កឲ្យមានបញ្ហាកើតឡើង មិនចេះចប់មិនចេះហើយ ដោយមិនគិតនាំគ្នាដោះស្រាយឲ្យពលរដ្ឋនោះទេ។

ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅ ការងារសម្រាប់ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ចំពោះករណីទំនាស់ដីធ្លី នៅខេត្តព្រះសីហនុ ដែលបានយកកងកម្លាំងនគរបាល ប៉េអឹម ទៅអនុវត្តន៍ជារឿងត្រឹមត្រូវ។

សម្ដេចបន្ដថា ប៉ុន្ដែបើយកកងកម្លាំងយោធាទៅអនុវត្ត គឺជាការខុសច្បាប់។ សម្តេចថា ករណីបង្ក្រាបទំនាស់ដីធ្លីនេះ ក៏កើតមាននៅខេត្តក្រចេះដែរ ដូច្នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានផ្ដាំផ្ញើទៅខេត្តផ្សេងៗទៀត ប្រយ័ត្នដូចខេត្តទាំងពីរ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “មន្ដ្រីអនុវត្តច្បាប់មានតែនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរ ហើយរឿងមិនទាន់ត្រូវធ្វើផង វាមិនទាន់ចាំបាច់ ត្រូវធ្វើខានមិនបានផង។ ខ្ញុំនិយាយច្រើនដងហើយ ប៉ុន្ដែខ្ញុំត្រូវនិយាយទៀតថា បើធ្វើទៅ បើយើងមិនធ្វើខុស ប៉ុន្ដែបើយើងធ្វើខុសច្បាប់ អាហ្នឹងគឺកាន់តែខុសទៀត។ បើយើងមិនធ្វើខុស ចង់និយាយថា សាលដីការបស់តុលាការ ដែលយើងមិនធ្វើខុស ប៉ុន្ដែយើងធ្វើវាមានទស្សនកម្ម គេអនុញ្ញាតច្បាប់អនុញ្ញាតឲ្យយើងដកខ្លួនសិន ដើម្បីពិចារណារកវិធីដោះស្រាយ។ ក្នុងស្ថានការឥឡូវនេះ យើងលេងចឹងអត់បានទេ ហើយទៅមុខរឹតតែមិនបានទៀត ចឹងមើលមុខ មើលក្រោយធ្វើអីក៏ដោយ”។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមករាកន្លងទៅ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានបាញ់គ្រាប់កាំភ្លើងបង្ក្រាប និងចាប់ខ្លួនពលរដ្ឋចំនួន៦នាក់ ដែលតវ៉ាចំពោះការចុះអនុវត្តសាលដីកា តុលាការកំពូល លើដីវិវាទដីមួយកន្លែង នៅទីតាំងក្បែរវត្តអូរត្រេះ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post