
កំពតៈ តាមប្រភពពីនគរបាលចរាចរក្រុងកំពត បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានឡើង កាលពីវេលាម៉ោង១៖៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចកើតហេតុស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បង្កឡើងដោយជនបរទេសមិនទាន់ស្គាល់សាវតាម្នាក់ បើកម៉ូតូមិនស្គាល់ម៉ាកមួយគ្រឿង ក្នុងស្ថានភាពស្រវឹង ទិសដៅពីកើតទៅលិច ហើយបានរេចង្កូតទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យអ្នកបើកបរខ្ទាតចេញពីម៉ូតូសន្លប់នៅលើស្ពាន ចំណែកម៉ូតូបានធ្លាក់ចូលក្នុងទឹកព្រែកបាត់។
សមត្ថកិច្ចចរាចរណ៍ក្រុង បានបន្តថា ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយជនបរទេសនេះ នៅពេលនគរបាលចរាចរណ៍ទៅជួយអន្តរាគមន៍យកជនរងគ្រោះជាជនបរទេសនោះទៅសង្រ្គោះនៅមន្ទីរពេទ្យ គឺជនបរទេសរូបនេះហាក់ដូចជាច្រឡោតតោតតូងដាក់កម្លាំងសមត្ថកិច្ច ដែលទៅជួយសង្រ្គោះនោះទៅវិញ ដោយនិយាយជាភាសារបរទេស ប៉ុន្តែធ្វើកាយវិការបៀបមិនយល់ពីការយកចិត្តទុកដាក់ ក្នុងការជួយសង្រ្គោះរបស់សមត្ថកិច្ចមកលើខ្លួនទេ ធ្វើឲ្យនគរបាលចរាចរណ៍ ដែលទៅជួយសង្រ្គោះគ្រវីក្បាលគ្រប់គ្នា ដោយសារការងើបពីសន្លប់ហើយស្ថិតក្នុងស្ថានភាពស្រវឹងរបស់ជនបរទេសរូបនោះ។
សមត្ថកិច្ចចរាចរណ៍ក្រុងកំពត សូមសំណូមពរដល់ស្ថាបន័ពាក់ព័ន្ធថ្នាក់លើ ចំពោះជនបរទេសសុំឲ្យជួយមានការព្រមានច្បាប់ដល់ជនបរទេសមួយចំនួន ដែលមិនគោរពច្បាប់ចរាចរណ៍ស្រុកខ្មែរ គឺបានន័យថា ពួកគេសព្វថ្ងៃបើកបរយានយន្តគ្រប់ប្រភេទមិនសូវគោរពច្បាប់ចរាចរណ៍ស្រុកខ្មែរទេ ដូចជាការច្នៃបំពង់ស៊ីម៉ាំងម៉ូតូឲ្យឮសំឡេងខ្លាំង បើកបរក្នុងល្បឿនលឿន នៅពេលយប់ និងផ្លូវចង្អៀត បើកបរមិនគោរពឆ្វេងស្តាំ បើកបរក្នុងស្ថានភាពស្រវឹងជាដើម៕








