header ads

Sponsor

ប៉េកាំងៈ ក្រោយពីបានជួបពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ ហាន វេហ្គូ (HAN WEIGUO) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិនរួចមក នៅថ្ងៃដដែលនោះ (ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩) លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូចូលជួបសំដែងការគួរសមជាមួយ លោក ស៊ី គីលៀង (XI QI LIANG) អនុប្រធានគណៈកម្មការយោធាមជ្ឈឹម នៃសាធារណៈរដ្ឋប្រជាមានិត នៅរដ្ឋធានីប៉េកាំង។

លោក ស៊ី គីលៀង (XI QI LIANG) បានថ្លែងថា លោកសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក ដែលបានមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ នៅក្នុងទីក្រុងប៉េកាំង នៃប្រទេសចិន។ លោកបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា-ចិន បានឈានដល់កម្រិតកំពូល ហើយដែលមានរយៈពេលយូរឡុងណាស់មកហើយ។ លោកបានបន្តថា មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ មិនអាចមានប្រទេសណាមកបំបែកបំបាក់បានឡើយ។ កងទ័ពរំដោះប្រជាជនចិន នឹងបន្តគាំទ្រដល់កងយោធពលខេមរភូមិន្ទ ទាំងការកសាងធនធានមនុស្ស និងសម្ភារៈ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ស៊ី គីលៀង (XI QI LIANG) អនុប្រធានគណៈកម្មការយោធាមជ្ឈឹម នៃកងទ័ពរំដោះប្រជាជនចិន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។

លោកឧត្តមសេនីយ៍ឯក បានបន្តថា ជំនួបនៃប្រទេសទាំងពីរ កម្ពុជា-ចិន នៅពេលនេះ ដើម្បីបន្តពង្រឹង ពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន។ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការរឹងមាំនៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើសុំឲ្យភាគីចិនបន្តគាំទ្រ និងសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណាអនុវត្តកិច្ចប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងដ៏រឹងមាំ នៃប្រទេសទាំងពីរកម្ពុជា-ចិន។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំរវាងកងទ័ព ប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ចិន ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បំពេញដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងដំណើរបំពេញទស្សនកិច្ច និងស្នាក់នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ភាគីកម្ពុជានឹងជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកងទ័ពរំដោះប្រជាជនចិនរួមមាន៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន, អនុប្រធានគណៈកម្មការយោធាមជ្ឈឹម នៃកងទ័ពរំដោះប្រជាជនចិន, មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post