
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវទៅដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលអុជធូបទៀន និងដុតក្រដាសសែន នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន។
យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ថ្ងៃចូលឆ្នាំចិនក៏កាន់តែកៀក បងប្អូនខ្មែរ-ចិន រួមទាំងពលរដ្ឋខ្មែរមួយភាគធំក៏បានត្រៀមរៀបសម្ភារៈ ចំណីចំណុក ម្ហូបអាហារ និងអាំងប៉ាវ ដើម្បីអបអសាទរឆ្នាំថ្មី ស្របពេលដែលស្ថានភាពប្រទេសជាតិកំពុងមានសុខសន្តិភាពល្អប្រសើរ។
សម្ដេចតេជោ បន្ដថា គ្មានអ្វីដែលធ្វើអោយពលរដ្ឋមានកង្វល់ ឬព្រួយបារម្ភឡើយ ក្រៅតែពីការត្រៀមរៀបចំពិធីអបអរសាទ និងជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ។
សម្ដេចតេជោ ថា "សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលអុជធូប ទៀន និងដុតក្រដាសសែន ចៀសវាងអគ្គិភ័យ ដែលអាចកើតមានឡើងដោយសារការធ្វេសប្រហែសណាមួយ។ សូមបើកបរ គោរពច្បាប់ចរាចរណ៍ និងធ្វើដំណើរមានសុខសុវត្ថិភាពនៅគ្រប់ទីកន្លែង"។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា "ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗជាទីស្រឡាញ់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ"៕
