header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិចម្នាក់ ជិះម៉ូតូទាក់ដៃចង្កូតគ្នា ដួលចូលក្រោម​រថយន្តធុនធំកិនស្លាប់ គៀបជាប់កង់រថយន្ត គួរឲ្យរន្ធត់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវណតប្រីដ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនរងគ្រោះ(សព)ឈ្មោះ សាន​ សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជាអាណិ​កជនខ្មែរ រស់នៅសហរដ្ឋអាមេរិច មកលេងនៅកម្ពុជា ជាង២ខែមកហើយ ដោយស្នាក់នៅផ្ទះបងប្អូន ក្នុងបុរីពិភពថ្មី ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនរងគ្រោះជិះម៉ូតូម៉ាក ឃ្លីច ពណ៌ទឹកក្រូច លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-4320 ។ ចំណែករថយន្តម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0179 ដឹកបង្គោលភ្លើង បើកបរដោយឈ្មោះ មិញ រស្មី  ភេទបរុស អាយុ១៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិចេកស្រទន់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូតាមបណ្តោយផ្លូវណតប្រ៊ីដ​ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតជាមួយម៉ូតូផ្សេងមួយគ្រឿងទៀត ធ្វើឲ្យម៉ូតូជនរងគ្រោះដួលខ្ទាតទៅចូលកង់រថយន្តដឹកបង្គោលភ្លើង កិនស្លាប់មួយរំពេចជាប់នឹងកង់រថយន្ត ចំណែកម៉ូតូម្ខាងទៀត មិនដួលបានបន្តដំណើរទៅបាត់។ ប្រភពបន្តទៀតថា ដោយឃើញសភាពមិនស្រួល រថយន្តកិនមនុស្សស្រាប់ អ្នកបើកបររថយន្ត ចុះព្យាយាមរត់គេច រហូតដល់ ផ្លូវ២០០៤ ទើបកម្លាំងសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនបាន។

ទន្ទឹងនឹង​គ្រោះថ្នាក់ដ៏រន្ធត់នេះ ស្រាប់តែមានម៉ូតូម៉ាកស្កុបពី ពណ៌ក្រហមមួយគ្រឿងជិះគ្នា២នាក់ ប្តីប្រពន្ធ ដំណើរឆ្លងកាត់កន្លែងកើតហេតុ គ្រាន់តែក្រឡេកឃើញសាកសព ស្រ្តីជាភរិយា ជិះពីក្រោយ កើតមានអាការៈទន់ដៃជើង ងងឹតមុខ រក​កល់ធ្លាក់ពីលើម៉ូតូ ត្រូវបានបងប្អូនប្រជាពលរដ្ឋ នៅក្នុងហេតុករណ៍ ស្ទុះរត់ទៅចាប់ ដាក់ឲ្យអង្អុយគក់ច្របាច់ មួយសន្ទុះទើប​ស្វាងបន្តិច ត្រូវបានប្តីឌុបជូនយកទៅពេទ្យ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ រួចសាកសពត្រូវបាន ប្រគល់ជូនក្រុមគ្រួសារ បងប្អូន ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក​រថយន្ត និងម៉ូតូ រួមទាំងអ្នកបើកបររថយន្ត ត្រូវបានប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post