header ads

Sponsor

ភ្នំពេញៈ ជិតដល់ថ្ងៃចូលរោងការហើយ​ បុរសម្នាក់ជាមន្ត្រីយោធា ស្រវឹងស្រា​ បានប្រើអំពើហិង្សាវាយនារីជាគូដណ្ដឹងរបស់ខ្លួន នៅតាមផ្លូវសាធារណៈ ខណៈពេលកំពុងជិះម៉ូតូឌុបគ្នា​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះ ​រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍​ នាំភាគីទាំងសងខាងយកមកសាកសួរនៅប៉ុស្តិ៍ភ្លាមៗ នៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ត​ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចទល់មុខឱសថស្ថានតាំងងួនងួន នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងប្រុសម្នាក់ ដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសស្រី២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​ 1FJ-8254 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងមានបញ្ហាអ្វីនោះទេ ស្រាប់តែឃើញប្រកែកគ្នាខ្លាំងៗ​ ហើយបុរសដែលអាងខ្លួនជាមន្ត្រីយោធានោះ​ ឈប់ម៉ូតូ​ហើយធ្វើសកម្មភាពវាយនារីដែលជាគូដណ្ដឹង​ ជាច្រើនដៃ​រួចរុញនាងឲ្យដួល និងធាក់នាងមួយជើងទៀត បណ្តាលឲ្យនារីជាគូដណ្ដឹងរងរបួសទាំងផ្ទៃមុខខាងឆ្វេង តែត្រូវបានអ្នកឃើញហេតុការណ៍ផ្ទាល់ស្រែកពីចម្ងាយកុំឲ្យមន្ត្រីយោធានោះវាយនាងទៀត​ ហើយបានទាក់ទងទៅកាន់កម្លាំងល្បាត​ប៉ុស្តិ៍នគរបាល​ចាក់អង្រែក្រោម​ ចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។

បន្តិចក្រោយមក​ គេឃើញលោក​ វុឌ​ ផូសារវ័ន្ត​ នាយប៉ុស្តិ៍​ចាក់អង្រែក្រោម​ ដឹកនាំកម្លាំងចុះមកដល់កន្លែងកើតហេតុ​ ហើយបានសួរនាំអ្នកឃើញហេតុការណ៍​ រួចសាកសួរបុរសស្រី២នាក់គូដណ្ដឹង​ ស្រាប់តែបុរសបង្កហេតុនោះ​អះអាងថា រូបគេជាមន្ត្រីយោធាដែរ ហើយក៏រុញច្រានសមត្ថកិច្ចវិញ​ និងស្រែកសំឡុតសមត្ថកិច្ចមិនឲ្យឃាត់ខ្លួនរូបគេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពេញកន្លែងកើតហេតុខាងលើ។ ទើបសមត្ថកិច្ចឲ្យភាគីទាំងពីរ​ ទៅសម្របសម្រួលគ្នានៅប៉ុស្តិ៍​សិន ចំណែកឯនារីរងគ្រោះដែលជាគូដណ្ដឹងបានប្រាប់សមត្ថកិច្ច​ឲ្យចាំក្រុមគ្រួសាររបស់នាងមកដល់សិន​ ចាំទៅប៉ុស្តិ៍។

១០នាទីក្រោយមក ក្រុមគ្រួសារ​របស់នាងរងគ្រោះបានមកដល់កន្លែងកើតហេតុ​ រួចស្ដីឲ្យបុរសដែលជាមន្ត្រីយោធានោះ​បន្ថែមទៀត​ផងដែរ​ ហើយក៏សួរនាំភាគីទាំងពីរ​បានដឹងរឿងហេតុហើយ​ ក៏នាំគ្នាទៅសម្របសម្រួលគ្នា នៅស្នាក់ប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម។

បើតាមប្រភពព័ត៌មានពីបងប្រុសម្នាក់ ដែលជាសាច់ញាតិរបស់នារីរងគ្រោះ បានប្រាប់ឲ្យសមត្ថកិច្ចបានដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំងពីរ បានញាំអីជុំគ្នាលក្ខណៈគ្រួសារនៅផ្ទះមួយកន្លែង នៅក្រុងតាខ្មៅ ដោយ​ល្អូកល្អឺន​និងគ្នាណាស់​ និងមិនមានទំនាស់អ្វីកើតឡើងទេ លុះមកដល់មុនម៉ោងកើតហេតុ ពួកគេទាំងពីរបានជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះវិញ ខណៈដែលភាគីខាងប្រុសមានស្ថានភាពស្រវឹងស្រាបន្តិចបន្តួចផងដែរ។ លុះក្រោយមកស្រាប់តែនារីរងគ្រោះទូរស័ព្ទប្រាប់ថាបុរសជាគូដណ្ដឹង និងជាមន្រ្តីយោធានោះ បានប្រើហិង្សាវាយមកលើរូបនាងទៅវិញ ទើបពួកគាត់ប្រញាប់នាំគ្នាមកកន្លែងកើតហេតុតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនបង្កហេតុនោះឈ្មោះ​ ចេង ប៊ុនលី ភេទប្រុស​ អាយុ២៨ឆ្នាំ​ មុខរបរ​ មន្ត្រីយោធា​ ជនជាតិខ្មែរ​ មានទីលំនៅភូមិកំពង់សំណាញ់​ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​។ ចំណែកនារីរងគ្រោះឈ្មោះ​ សុទ្ធ​ ស្រីពៅ​ អាយុ២៧ឆ្នាំ។

ក្រោយពេលកើតហេតុ​ នៅចំពោះមុខសមត្ថកិច្ចភាគីបុរសជាមន្ត្រីយោធា បានធ្វើកិច្ចលើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច ដោយបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅរូបគេឈប់ប្រើអំពើហិង្សាលើឈ្មោះ សុទ្ធ ស្រីពៅ ភេទស្រី អាយុ២៧ឆ្នាំ ត្រូវជាគូដណ្ដឹង​ ឬគំគួនទៅថ្ងៃមុខទៀតឡើយ​ បើសិនជារូបគេមិនគោរពតាមកិច្ចសន្យាខាងលើ រូបគេសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post