header ads

Sponsor

ព្រៃវែងៈ ជនសង្ស័យជាយុវជនប្រុសស្រី៣នាក់ ត្រូវនគរបាលយុត្តិធម៌ខេត្តព្រៃវែង ដឹកនាំផ្ទាល់ដោយលោក ពៅ ជីវី ស្នងការរងខេត្ត សហការជាមួយលោក ស៊ឹម កុសល អធិការស្រុកពារាំង ធ្វើការស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ក្រោយពួកគេឃុបឃិតគ្នា រៀបគម្រោងយកកូនកាំបិតភ្ជង់ប្លន់យកម៉ូតូក្មេងស្រីជាសិស្សសាលាបាន១ថ្ងៃ។

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែង បានថ្លែងប្រាប់ថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ ភា ស្រីលីន ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រៃព្នៅ, ទី២-ឈ្មោះ លឹម ម៉េងលាង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថា្នក់ទី១០ នៃវិទ្យាល័យព្រៃព្នៅ, ទី៣-ឈ្មោះ លឹម ស៊ីវឡុង ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រៃព្នៅ អ្នកទាំង៣នាក់ រស់នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ រីឯជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ភិន សុខឡេង ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ជិះម៉ូតូម៉ាក C125 ស៊េរី016 ពណ៌ខ្មៅ មិនមានស្លាកលេខ។

លោកស្នងការរង បន្តថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះបានជិះម៉ូតូខាងលើតែម្នាកឯង ចេញពីសាលារៀនព្រៃព្នៅ សំដៅមកផ្ទះរបស់ខ្លួននៅភូមិអង្គាលដី លុះជិះមកដល់កន្លែងស្ងាត់ ត្រង់ចំណុចទួលកុកសៀម ចម្ងាយជិត២គីឡូម៉ែត្រ ខាងលិចភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ពាក់មួកសុវត្ថិភាព ជិះម៉ូតូមកជិតរួចកាន់ដាវប្រវែងកន្លះម៉ែត្រ មកភ្ជង់ចង្កេះសំឡុតនារីរងគ្រោះ ឲ្យចុះពីលើម៉ូតូ រួចពួកគេបានយកម៉ូតូជនរងគ្រោះ និងម៉ូតូពួកគេជិះគេចខ្លួនបាត់ស្រមោល។

លុះដល់រសៀលថ្ងៃទី៨ ខែដដែល កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការខេត្ត បានសហការជាមួយកម្លាំងនគរបាលស្រុកពារាំង ចុះស្រាវជ្រាវយ៉ាងម៉ត់ចត់រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ពួកគេបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចមានស្ថានទម្ងន់ទោស(ប្លន់)យកម៉ូតូC125 ពណ៌ខ្មៅ កាលពីថ្ងៃទី៧ ពីជនរងគ្រោះឈ្មោះ ភិន សុខឡេង ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិអង្គាសដី ឃុំព្រៃព្នៅពិតប្រាកដមែន ដោយពួកខ្លួនបានរៀបគម្រោងតាំងពីថ្ងៃទី២មកម្ល៉េះ។ ដោយតម្រូវឲ្យឈ្មោះ ភា ស្រីលីន ជាអ្នកដឹកនាំបង្ហាញផ្លូវ រីឯឈ្មោះ លឹម ម៉េងលាង និងឈ្មោះ លឹម ស៊ីវឡុង ជាអ្នកប្រព្រឹត្តផ្ទាល់។ ក្រោយប្លន់ម៉ូតូបាន ពួកគេបានយកទៅលាក់ក្នុងព្រៃ នៅចំណុចក្រោយរមណីយដ្ឋានព្រៃដើមស្រុក ក្នុងស្រុកស៊ីធរកណ្ដាល ហើយត្រូវសមត្ថកិច្ចរកឃើញប្រគល់ជូនម្ចាស់ដើមវិញ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវកម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចោទប្រកាន់ទៅតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post