header ads

Sponsor

ភ្នំពេញៈ ព័ត៌មានពិស្ដារ! ពាក់ព័ន្ធនិងសមកម្មភាពបាញ់បោះសេរី កាលពីល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីយោធាម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួន និងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោយពីមានករណីផ្ទុះអាវុធដាក់គ្នា ចំនួន៣គ្រាប់ ក្នុងជម្លោះទំនាស់រឿងជួសជុលផ្ទះនោះ។ ទោះជាភាគីម្ខាងទៀតព្យាយាមរត់គេចខ្លួនពីកន្លែងកើតហេតុក៏ដោយ ក៏គេលួចបង្ហើបថា នគរបាលដែលបាញ់បីគ្រាប់ រួចដាក់សាប៊ូគូទរត់នោះ ជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលអតីតៈអធិការរងនគរបាលក្រុងតាខ្មៅ កំពុងសំងំលាក់ខ្លួននៅខេត្តកណ្តាលនៅឡើយទេ។

សាក្សីនៅកន្លែងកើតហេតុ បានបង្ហើបឲ្យសមត្តកិច្ចដឹងថា មន្ត្រីយោធាដែលត្រូវកម្លាំងឃាត់ខ្លួននោះមានឈ្មោះ ជា ចិន្តា មានឋានន្ទរស័ក្តិវរៈសេនីយ៍ឯក ចំណែកភាគីដែលផ្ទុះបានអាវុធ ហើយបានរត់គេចខ្លួនឈ្មោះ គាវ ស៊ីថា ជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អតីតៈជាអធិការរងនគរបាលក្រុងតាខ្មៅ។

គួរបញ្ជាក់ថា ករណីផ្ទុះអាវុធនេះ ស្ថិតនៅផ្លូវលេខ១៣៩ សង្កាត់អូឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ (មន្រ្តីយោធាមិនមានផ្ទះនៅទីនោះទេ ប្រហែលជាសាច់ញាតិហៅមកកាង)។

សាក្សីបានរៀបរាប់ប្រាប់សមត្តកិច្ចទៀតថា មុនកើតហេតុ គេបានឃើញមន្ត្រីយោធា និងអតីតៈអធិការរងក្រុងតាខ្មៅ បានទាស់ពាក្យសម្ដីគ្នា ពាក់ព័ន្ធរឿងជួសជុលផ្ទះ ហើយការទំនាស់ពាក្យសម្ដីគ្នាមួយប្រ៉ាវនោះ គេបានឃើញមន្រ្តីយោធា ដកកាំភ្លើងគំរាមទៅលើអតីតៈអធិការរងក្រុងតាខ្មៅ រួចមន្រ្តីយោធារូបនោះ បានដើរឡើងទៅលើផ្ទះជាន់ទី៣បាត់ទៅ។ ឃើញដូច្នោះ លោក គាវ ស៊ីថា ជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល អតីតៈអធិការរងក្រុងតាខ្មៅ បានទាក់ទង និងរាយការណ៍ទៅនគរបាលមូលដ្ឋានដើម្បីជ្រាប និងឲ្យជួយអន្តរាគមន៍ករណីចោទថា មន្រ្តីយោធាបានប្រើអាវុធគំរាមក្នុងពេលមានជម្លោះ។

បន្ទាប់ពីមានសេចក្តីរាយការណ៍ផ្ទាល់មាត់ អនុប្រធាននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូឬស្សី៣ម្នាក់ ឈ្មោះ គិត ច័ន្ទតារា បានទៅដល់កន្លែងកើតហេតុភ្លាម ស្របពេលនោះមន្រ្តីយោធា ក៏បានចុះពីលើផ្ទះមកវិញ ហើយក៏មានការប៉ះពាក្យសម្ដីគ្នាជាមួយអតីតៈអធិការរងក្រុងម្នាក់នោះទៀត ។ ភាគីទាំងពីរ ក៏មានទំនាស់គ្នាម្តងទៀតកាន់តែខ្លាំងក្លា និងរហូតមានការស្ទុះចង់វាយទាត់ធាកគ្នា ប៉ុន្តែបានលោកអនុប្រធានប៉ុស្តិ៍ជួយឃាត់ ហើយឆ្លៀតឱកាសនោះអតីតៈអធិការរងក្រុង បានដកយកកាំភ្លើងខ្លីពីចង្កេះលោក គិត ច័ន្ទតារា អនុប្រធាននគបាលប៉ុស្តិ៍អូឬស្សី៣ បាញ់ភ្ជុចដីចំនួន៣គ្រាប់ រួចរត់ចូលក្នុងផ្ទះបាត់។

ក្រោយពេលមានសភាពការណ៍ផ្ទុះអាវុធកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ និងនគរបាលខណ្ឌ៧មករា បានទៅដល់ និងបានធ្វើការឃាត់ខ្លួនមន្ត្រីយោធាយកទៅសាកសួរ ចំណែកភភាគីផ្ទុះអាវុធ គឺអតីតៈអធិការរងក្រុងម្នាក់នោះបានចេញទ្វារក្រោយគេចខ្លួនបាត់ទៅ។ តែទោះជាយ៉ាងណាពេលនេះ សមត្ថកិច្ចកំពុងអន្ទងហៅអតីតៈអធិការរងក្រុងនោះមកវិញ ដើម្បីឲ្យគាត់មកទទួលខុសត្រូវ ចំពោះករណីផ្ទុះអាវុធអាណាធិបតេយ្យចំថ្ងៃសែនចូលឆ្នាំចិន ធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ។

ក្រោយសាកសួរមន្រ្តីយោ ធាត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា នាំខ្លួនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ចំណែកអនុប្រធាននគរបាលប៉ុស្តិ៍អូឬស្សី៣ ដែលជាម្ចាស់អាវុធ ក៏ត្រូវបានថ្នាក់លើឲ្យធ្វើរបាយការណ៍ភ្លាមៗដែរ ព្រោះជាការធ្វេសប្រហែសបណ្តាលឲ្យអ្នកដ៏ទៃឆក់យកកាំភ្លើងពីខ្លួនធ្វើសកម្មភាពបាញ់បោះបង្កើតការភ្ញាក់ផ្អើលកណ្ដាលក្រុងបែបនេះ។

ឥឡូវករណីនេះ សមត្ថកិច្ចមិនទាន់បញ្ជូនមកតុលាការទេ ដោយត្រូវអន្ទងហៅអតីតអធិការរងក្រុងតាខ្មៅអោយចូលខ្លួនមកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន បើមិនចង់មានបញ្ហាវែងឆ្ងាយទៅមុខទៀត។

ប្រជាជននិយាយថា សមត្ថកិច្ចដូចជាមិនលំបាកក្នុងការកោះហៅ ឬដំណើរការនីតិវិធីទេ ខណៈជនបង្កបណ្តាលឲ្យផ្ទុះអាវុធ មានអត្តសញ្ញាណច្បាស់លាស់ គឺលោក គាវ ស៊ីថា ជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល មានកន្លែងធ្វើការច្បាស់ ហើយជាមន្ត្រីនគរបាលយុត្តិធម៍ អនុវត្តច្បាប់ ហើយអង្គុយលើច្បាប់បែបនេះ គឺសមត្ថកិច្ចអាចចាត់ការតាមនីតិវិធី ជាគំរូឲ្យប្រជាជនបានឃើញថាប្រទេសគ្រប់គ្រងដោយច្បាប់ មិនត្រូវឲ្យនាយនគរបាលប្រព្រឹត្តបែបអនាធិបតេយ្យតាមអំពើចិត្តនោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post