
មណ្ឌលគិរីៈ នាយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ អង្គភាព CAM POST ទទួលបានព័ត៌មានថា មានឈើប្រណីត និងឈើប្រភេទលេខមួយ ឈើហ៊ុបឃ្លុំ កំពុងតែត្រូវពួកឈ្នួញ ដឹកយកទៅស្តុកទុក រាយប៉ាយជាច្រើនកន្លែង បម្រុងត្រៀមដឹកចេញឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម តាមច្រកណាំលៀរ ហៅប៉ុស្ដិ៍៧ ដែលបានស្ទះទុកយូរមកហើយនោះ តែក្រោយការរត់ការគ្រប់ស្ថាប័ណរួច ឥឡូវភ្លើងខៀវ ក៏បើកដែរ។
បើតាមប្រភពពីអ្នករស់នៅតាមដងផ្លូវ ទៅចម្ការកៅស៊ូ ចម្ការ៥០០ហត្ថ បានលើកឡើងថា ក្រោយចូលឆ្នាំរួចរាល់ ដូចជាចិនសែនដែរ គឺសែនត្រូវគ្រប់ជាន់ថ្នាក់តែម្ដង ដល់ថ្នាក់ក្នុងតំបន់ព្រៃកៅស៊ូ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្លាយជាសមរភូមិក្ដៅ ស្ទើរតែរាល់យប់ មានឡានកែរច្នៃប្រភេទអាឡង់កាត់ទ្រុង និងឡានកែច្នៃផ្សេងទៀត សម្រុកដឹកចេញទៅប្រទេសវៀតណាម។
មិនដឹងថា មន្ត្រីថ្នាក់លើលោកបានដឹង ឬទទួលបានរបាយការណ៍ពីថ្នាក់ខេត្ត ឬយ៉ាងណាទេ ប្រសិនបើរាល់យប់ មានរថយន្តដឹកឈើ ឆ្លងព្រំដែនដោយសេរី ដោយគ្មានគិតពីអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅលើមន្ត្រី ថ្នាក់ក្រោយ ឲ្យទប់ស្កាត់ នឹងបង្ក្រាបឲ្យអស់ រាល់បទល្មើស ឆ្លងកាត់គ្រប់ច្រកព្រំដែនទូទាំងប្រទេស៕





